ផលចំណេញពីការវិនិយោគ (Return On Investment ) គឺជាផលដែលបានមកពីការបណ្តាក់ ទុនក្នុងការវិនិយោគ។ ផលចំណេញ នៃការវិនិយោគអាចនិយាយបានថាជាការវាស់វែងរវាងផលដែល បានមកពីការវិនិយោគ និង អ្វីដែលអ្នកបានវិនិយោគ។
ជាទូទៅ គេតែងតែចង់ឲ្យបានផលចំណេញនៃការវិនិយោគ ឬការប្រកប អាជីវកម្មមានចំនួន ខ្ពស់ជាងការដែលចំណាយក្នុងការធ្វើប្រតិបត្តិការ ដូចនេះហើយទើបគេចាំបាច់ត្រូវស្វែងយល់បន្ថែម ពីផលចំណេញនៃការវិនិយោគនេះ ព្រោះថាវាអាចប្រើបានទៅលើអ្វីជាច្រើន មិនមែនបានតែក្នុងការ វិនិយោគមួយមុខតែប៉ុណ្ណោះទេ។
‣ រូបមន្តសម្រាប់គណនា ៖
ផលចំណេញពីការវិនិយោគ (%) = [ចំណូលត្រឡប់ (Return)/ ចំណាយក្នុងការវិនិយោគ (Cost)] x 100
ឧទាហរណ៏ថា អ្នកមានអាជីវកម្មមួយដែលលក់ផលិតផលទើបនាំចូលថ្មី អ្នកត្រូវការផ្សព្វផ្សាយ ដើម្បីឲ្យភ្ញៀវបានស្គាល់ច្រើន។ អ្នកបានផ្សាយពាណិជ្ជកម្មជាមួយភ្នាក់ងារផ្សព្វផ្សាយណាមួយក្នុងតម្លៃ $1,000 ហើយ ចំណូលត្រឡប់ពីការលក់ផលិតផលរបស់អ្នកមានចំនួន $3,000។ តាមការគណនាផលចំណេញពីការ វិនិយោគគឺ $2000 ($3000 – $1000) ចែកនឹង $1000 ដែលទទួលបានលទ្ធផល $2។ យោងតាម លទ្ធផលនេះ មានន័យ ថារាល់ចំណាយចំនួន $1 អ្នកនឹងទទួលចំណូលបានមកវិញចំនួន $2 ឬ ស្មើនឹង ២០០% ដូចនេះការផ្សព្វផ្សាយពាណិជ្ជកម្មនេះគឺជាការចំណេញ ហើយអ្នកគួរតែបន្តការផ្សព្វផ្សាយ។
ការគណនាផលចំណេញពីការវិនិយោគនេះជួយឲ្យអ្នកសម្រេចចិត្តបានថា តើសកម្មភាពរបស់ អ្នកកំពុងតែផ្តល់ផលចំណេញ ឬខាត ហើយអ្នកគួរតែបន្តធ្វើវាទៀតដែរ ឬទេ។ ក្រៅពីការគណនានូវ ប្រាក់ អ្នកក៏អាចគណនាពេលវេលាដែលអ្នកសម្រេចចិត្តចំណាយទៅលើសកម្មភាពណាមួយបានផង ដែរ ដែលការគណនានេះនឹងធ្វើឲ្យអ្នកយល់ និងគិតពីសកម្មភាពណាដែលផ្តល់ផលចំណេញខ្លះ ឬ មួួយការប្រៀបធៀបរវាងប្រាក់ចំណូល និងការងាររបស់អ្នកថាតើវាសក្តិសមដែរ ឬទេ។
‣ ដែនកំណត់នៃផលចំណេញនៃការវិនិយោគ (Limitation of the ROI)
1. ពេលវេលា ៖
រូបមន្តដែលយកមកប្រើប្រាស់ក្នុងការគណនាផលចំណេញនៃការវិនិយោគនេះ មិនបានយកកត្តាពេលវេលាមកគិតនោះទេ ដូចនេះវាអាចមានភាពលម្អៀង ឬលទ្ធផលមាន លក្ខណៈបំប៉ោងជាងការពិតជាក់ស្តែង។
2. ការប្រៀបធៀប៖
គេមិនអាចប្រៀបធៀបផលចំណេញនៃការវិនិយោគដោយសុក្រឹត្យបានទេ លុះត្រាតែបុគ្គល ឬក្រុមហ៊ុនទាំងពីរប្រើប្រាស់រូបមន្ត និងមានស្ថានភាពដែលមានលក្ខណៈ ប្រហាក់ប្រហែលគ្នា។
សរុបមកវិញ ការគណនាផលចំណេញនៃការវិនិយោគនេះ អាចប្រើបានទៅលើទាំងការរកស៊ី និងការវិនិយោគនៃពេលវេលាដែលអ្នកបានប្រើប្រាស់។ អ្នកអាចយកលទ្ធផលនៃការគណនារបស់អ្នក ទៅសម្រេចចិត្តលើសកម្មភាពផ្សេងៗ ថាតើអ្នកគួរតែបន្ត ឬបញ្ឈប់សកម្មភាពទាំងនោះ ព្រម ទាំងអាចធ្វើឲ្យអ្នកដឹងថាចំណាយណាធ្វើឲ្យអ្នកចំណេញ និងចំណាយណាដែលធ្វើឲ្យអ្នកខាត ចៀសវាងកុំឲ្យអ្នកចំណាយទាំងខាតដោយមិនដឹងខ្លួន៕
Copyright Notice
© 2021 – 2022 KAKCENT
មាតិកានេះត្រូវបានរក្សាសិទ្ធិដោយកាក់សេន។
សូមទាក់ទងមកពួកយើងដើម្បីស្នើសុំការអនុញ្ញាត ប្រសិនបើអ្នកមានបំណងចង់យកមាតិការបស់យើងទៅប្រើប្រាស់បន្ត។