អ្នកទាំងអស់គ្នាប្រហែលជាបានយល់ដឹងពីការវិនិយោគខ្លះៗមកហើយ ដែលក្នុងនោះរួមមានហានិភ័យ ផលចំណេញ អត្រានិងរយៈពេលទទួលបានផលចំណេញ ក៏ដូចជាដំណេីរនៃការវិនិយោគផងដែរ ដេីម្បីចៀសវាងការប្រឈមនឹងហានិភ័យខ្ពស់ផ្សេងៗដែលអាចកេីតមានឡេីង។
រួមជាមួយគ្នានេះ តើអ្នកដែលលឺពីច្បាប់៧២ ឬអត់ទេ? ឆ្ងល់អត់ថាក្បួន៧២នេះអីគេ? បើមិនទាន់ស្គាល់ទេ សូមអានបន្តនៅខាងក្រោមទាំងអស់គ្នាណា៎!
ក្បួន ៧២ គឺជាវិធីគណនាលឿនរហ័ស និងមានភាពងាយស្រួលមួយ ហើយត្រូវបានគេពេញនិយមប្រើវាដើម្បីប៉ាន់ស្មានរយៈពេលដែលអាចទទួលបានប្រាក់ចំណេញពីការវិនិយោគមកវិញទ្វេដង ផ្អែកលើអត្រានៃផលចំណេញត្រឡប់មកវិញប្រចាំឆ្នាំ។
ក្បួន ៧២ ត្រូវបានរកឃើញដំបូងដោយគណិតវិទូជនជាតិអ៊ីតាលីដ៏ល្បីល្បាញម្នាក់ គឺលោក Luca Pacioli ។ គាត់បាននិយាយពីក្បួននេះនៅក្នុងសៀវភៅរបស់ខ្លួនមានចំណងជើងថា «Summary of Arithmetic, Geometry, Proportions, and Proportionality» ក្នុងឆ្នាំ១៤៩៤។
រូបមន្តសម្រាប់គណនាតាមក្បួន ៧២
T= 72/ R
ដោយ
T : តាងឱ្យរយៈពេលដែលអាចបានផលចំណេញទ្វេដង(ឆ្នាំ)( Time to double)
R : តាងឱ្យអត្រាផលចំណេញពីការវិនិយោគ (Rate of return on investment)
ដើម្បីឱ្យកាន់តែងាយស្រួលយល់ យើងនឹងលើកជាឧទាហរណ៍មួយដូចខាងក្រោម។
ប្រសិនបើគម្រោងវិនិយោគមួយសន្យាថានឹងផ្តល់ផលចំណេញប្រចាំឆ្នាំចំនួន ៨% នោះយើងអាចគណនាតាមក្បួន ៧២ ដោយយកចំនួន ៧២ ចែកនឹងអត្រាផលចំណេញពីការវិនិយោគ ៨% នោះយើងបាន ៧២/៨ = ៩។ ដូច្នេះ យើងអាចប៉ាន់ស្មានបានថាការវិនិយោគនេះអាចនឹងចំណាយពេលប្រហែល ៩ឆ្នាំទើបអាចបានផលចំណេញពីការវិនិយោគទ្វេដង។
*ចំណាំ៖ អត្រាផលចំណេញពីការវិនិយោគ ៨% ដែលប្រើគណនាក្នុងរូបមន្តនេះគឺជាលេខ 8 មិនមែនជាទម្រង់ទសភាគ ០.០៨ ទេ ។
បន្ថែមពីនេះ យើងក៏អាចប្រើក្បួន ៧២ នេះត្រលប់មករកអត្រាផលចំណេញពីការវិនិយោគ ដែលយើងចង់បានប្រសិនបើយើងរំពឹងចង់ទទួលបានផលចំណេញក្នុងរយៈពេលណាមួយ។ ដោយយើងយក៧២ចែកនឹងឆ្នាំដែលយើងបានកំណត់ នោះយើងនឹងបានអត្រាផលចំណេញប្រចាំឆ្នាំពីការវិនិយោគដែលយើងត្រូវការដើម្បីបង្កើនប្រាក់ដើមទ្វេដង។
ថ្វីដ្បិតគេប្រើក្បួន៧២ដើម្បីរករយៈពេលទទួលបានផលចំណេញទ្វេដងពីការវិនិយោគ ប៉ុន្តែយើងមិនគួររំពឹងលើលទ្ធផលក្បួន៧២ទាំងស្រុងនោះទេ។ ដោយក្បួននេះគេប្រើសម្រាប់វិនិច្ឆ័យ ប៉ាន់ស្មានភ្លាមៗលើគម្រោងវិនិយោគណាមួយ មិនតែប៉ុណ្ណោះយើងក៏ត្រូវវិភាគ និងសិក្សាពីគម្រោងវិនិយោគឲ្យបានល្អិតល្អន់ ច្បាស់លាស់ ព្រោះជាក់ស្ដែងផលចំណេញដែលទទួលបាន ត្រូវពឹងផ្អែកលើកត្តាផ្សេងៗទាំងក្នុង ទាំងក្រៅជាច្រើន។ លើសពីនេះ ក៏ត្រូវមានការ តាមដានបន្តលើអត្រាផលចំណេញដែលទទួលបាន និងគួរមានវិធានការចំពោះហានិភ័យដែលអាចប្រឈមពេលវិនិយោគផងដែរ៕
ឯកសារយោង៖
The Rule of 72: Definition & Formula
The Rule of 72: how long it will take to double your investment
Rule of 72
Rule of 72: What Is the Formula and Why Does it Work?
© 2021 - 2022 KAKCENT | រក្សាសិទ្ធិដោយកាក់សេន
សូមទាក់ទងមកពួកយើង ប្រសិនបើអ្នកចង់យកមាតិកាយើងទៅប្រើប្រាស់បន្ត។