ងើបពីដំណេកមិនទាន់ទេ ដៃឆ្លេឆ្លាស្រវាទូរសព្ទបើក Facebook អូសមើល news feed ភ្លាមតែម្ដង!
យោងទៅតាមគេហទំព័រ Statista ក្នុងឆ្នាំ 2020 មនុស្សម្នាក់ចំណាយពេលជាមធ្យម 2 ម៉ោង 24 នាទីក្នុងមួយថ្ងៃនៅលើបណ្ដាញសង្គម។ ចឹង ឧបមថា បើក្នុងមួយថ្ងៃ អ្នកចំណាយពេលទៅលើបណ្ដាញសង្គមហ្វេសប៊ុក រយៈពេល 2 ម៉ោង 24 នាទី នោះវាស្មើប្រហាក់ប្រហែលនឹង 36 ថ្ងៃក្នុងមួយឆ្នាំ ឬ 1ខែ 6-7 ថ្ងៃ។
ជាមួយពេលវេលាប្រមាណនេះ បើយើងចាយវាទៅលើការប្រើប្រាស់ Facebook និងការវិនិយោគ តើគួរចាយវាបែបណាឱ្យឆ្លាតវៃ??
« ចាយពេលលើការវិនិយោគ »
ក. ភាគហ៊ុន និងបណ្ណបំណុល៖
ជាធម្មតា ការវិនិយោគលើភាគហ៊ុនគឺជាការវិនិយោគរយៈពេលវែង (លុះត្រាការជួញដូរ)។ ដើម្បីអាចវិនិយោគដោយរក្សាកម្រិតហានិភ័យសមរម្យអាចទទួលយកបាន យើងត្រូវស្វែងយល់ពីការវិនិយោគលើភាគហ៊ុនឱ្យបានច្រើនជាមុនសិន។ ដូចនេះ សម្រាប់រយៈពេល១ខែជាង យើងអាចឈ្វេងយល់ពីវិស័យវិនិយោគនេះបានគួរសម ដោយតាមដាននិងរៀនសូត្រពីវិធីទិញលក់ ឬសាកល្បងអនុវត្តដោយខ្លួនឯងផ្ទាល់ ដើម្បីអាចយល់កាន់តែច្បាស់ពីវា។
ខ. ការសិក្សាពីការសន្សំប្រាក់នៅធនាគារ៖
ការសន្សំប្រាក់នៅធនាគារ ក៏ទាមទារការស្វែងយល់ពីប្រភេទគណនី អត្រាការប្រាក់ និងលក្ខខណ្ឌពាក់ព័ន្ធ រួមទាំងប្រៀបធៀបទៅនឹងវិធីសាស្ត្រសន្សំប្រាក់ដទៃទៀតក្រៅពីធនាគារផងដែរ ដើម្បីអាចជ្រើសរើសវិធីសន្សំលុយមួយឱ្យបានផលចំណេញខ្ពស់ជាងគេ។
គ. អចលនទ្រព្យ៖
មិនមែនបានន័យថា ចំណាយពេលត្រឹម 2 ម៉ោងក្នុងមួយថ្ងៃ ឬ 1 ខែជាង អ្នកនឹងទទួលបានផលចំណេញពីការវិនិយោគលើអចលនទ្រព្យនោះទេ។ «តក់ៗពេញបំពង់» ដូចនឹងចំណេះវិជ្ជាដែរ វាទាមទារឱ្យយើងចំណាយពេលច្រើន ទាំងការសិក្សាពីមូលដ្ឋានគ្រឹះ និងការអនុវត្តជាក់ស្ដែង។ ការវិនិយោគលើវិស័យនេះ តម្រូវឱ្យអ្នកសិក្សា ស្វែងយល់ និងតាមដានជាប់លាប់ពី មូលដ្ឋានគ្រឹះនិងនិន្នាការនៃវិស័យអចលនទ្រព្យនិងការវិនិយោគ ព្រោះចំណេះដឹងផ្នែកអចលទ្រព្យគ្មានទីបញ្ចប់ឡើយ។ ពួកយើងណែនាំឱ្យអ្នកតាមដាន ព័ត៌មានដែលទាក់ទងនឹងសេដ្ឋកិច្ចក្នុងនិងក្រៅស្រុក ដើម្បីដឹងទាន់ហេតុការណ៍ពីស្ថានភាពជាក់ស្ដែង មុននឹងវិនិយោគលើវិស័យនេះ។
ឃ. វិនិយោគលើខ្លួនឯង៖
ការបណ្ដាក់ទុនពេលវេលាលើខ្លួនឯងដូចជាការអានសៀវភៅ ស្ដាប់ Podcast រៀនពីយូធូប ។ល។ ក្នុងការបង្កើនចំណេះដឹងថ្មីៗ និងបំណិនផ្សេងៗដើម្បីអភិវឌ្ឍមូលធនបញ្ញារបស់យើង។ តើអ្នកនឹងជ្រើសរើសវិនិយោគលើខ្លួនឯងដោយរបៀបណា?
ង. វិនិយោគលើចំណេះដឹងហិរញ្ញវត្ថុ៖
ក្នុងមួយថ្ងៃ យើងចំណាយពេលជាមធ្យម «គេង - 7ម៉ោង» «ធ្វើការ - 8ម៉ោង» និង «លេង Facebook - 2ម៉ោង» ចុះនៅសល់ 7ម៉ោងទៀត? តើអ្នកនឹកឃើញថាខ្លួនកំពុងធ្វើអ្វីខ្លះ? ចុះបើចំណាយពេលត្រឹម 1/7 ឬត្រឹម 10% នៃម៉ោងនៅសល់ក្នុង 1ថ្ងៃនេះ មកបង្កើនចំណេះដឹងហិរញ្ញវត្ថុ ក៏ដូចជាអនុវត្តគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួនវិញ។ តើអាចទៅរួចទេ?
« ចាយពេលវេលាលើ Facebook »
បើគិតឱ្យអស់សាច់ការទៅ មិនមែនបានន័យថាការប្រើប្រាស់បណ្ដាញសង្គម Facebook សុទ្ធតែមិនបានការនោះទេ! ជាក់ស្ដែង នៅលើបណ្ដាញសង្គម Facebook មានមាតិកាល្អៗជាច្រើនដែលបង្កប់ន័យអប់រំ និងចំណេះដឹងថ្មីៗជាច្រើនវិស័យ ទាំងផ្នែកទូទៅ វិស័យហិរញ្ញវត្ថុ រួមទាំងការវិនិយោគដែរនោះ ហើយអាចឱ្យអ្នកប្រើប្រាស់ក្រេបយកបានដោយឥតគិតថ្លៃទៀត។ ម្យ៉ាងទៀត នៅលើ Facebook ក៏មានវិធីដែលអនុញ្ញាតឱ្យអ្នកអាចបង្កើតចំណូលបានដែរ តាមរយៈការបើកអាជីវកម្មឬលក់ផលិតផលអនឡាញ ឬធ្វើជា Streamer ជាដើម។
**សូមបញ្ជាក់ថា: ក្រុមការងារកាក់សេនមិនមានបំណងហាមឃាត់ប្រិយមិត្តមិនឱ្យឬកាត់ផ្ដាច់ការប្រើប្រាស់បណ្ដាញសង្គម Facebook ទាំងស្រុងទេ។ ដ្បិតថាបណ្ដាញសង្គមនីមួយៗសុទ្ធតែអាចនាំមកនូវទាំងផលវិជ្ជមាន និងអវិជ្ជមានដល់អ្នកប្រើប្រាស់ ដែលវាអាស្រ័យលើរបៀបរបបនិងគោលដៅនៃការប្រើប្រាស់របស់យើង។ តួយ៉ាងនៅក្នុងបណ្ដាញសង្គម Facebook អនុញ្ញាតឱ្យអ្នកប្រើប្រាស់ទទួលបាននូវព្រឹត្តិការណ៍ថ្មីៗ ព័ត៌មានសំខាន់ៗទាន់ហេតុការណ៍ និងការយល់ដឹងជាច្រើនតាមរយៈព័ត៌មានទាំងនោះ រួមទាំងការចែករំលែកចំណេះដឹងនៃវិស័យជាច្រើនទៀត ដែលនាំមកឱ្យដោយអ្នកប្រើប្រាស់ក្នុងបណ្ដាញសង្គមនេះ ក្នុងនាមជាបុគ្គលឯកជនក្ដី ឬស្ថាប័នណាមួយជាដើម។
ស្របពេលនេះ ក្រុមការងារយើងសូមដាស់តឿនដល់ប្រិយមិត្តនិងអ្នកប្រើប្រាស់បណ្ដាញសង្គមទាំងអស់ ឱ្យព្យាយាមប្រើប្រាស់និងចំណាយពេលវេលាប្រចាំថ្ងៃរបស់អ្នកដោយភាពឆ្លាតវៃ៕
© 2021 - 2022 KAKCENT
រក្សាសិទ្ធិដោយកាក់សេន
សូមទាក់ទងមកពួកយើង ប្រសិនបើអ្នកចង់យកមាតិកាយើងទៅប្រើប្រាស់បន្ត។