នេះជាលើកទី១ ក្នុងប្រវត្តិសាស្ត្រនៃទីផ្សារហិរញ្ញវត្ថុកម្ពុជា ដែលរាជរដ្ឋាភិបាលសម្រេចបោះផ្សាយលក់មូលបត្ររដ្ឋ ហើយតាមផែនការនឹងចាប់ផ្ដើមពីខែកញ្ញាតទៅ។ ក្នុងឆ្នាំ២០២២ នៃការចាប់បដិសន្ធិមូលបត្ររដ្ឋនេះ ការបោះផ្សាយលក់មានទំហំ ១.២១៩.៥០០.០០០.០០០ រៀល ស្មើនឹង ៣០០ លានដុល្លារអាមេរិក។
ជុំវិញចម្ងល់ងឿងឆ្ងល់ថាតើមូលបត្ររដ្ឋជាអ្វី? បោះផ្សាយដើម្បីអ្វី? វាដំណើរការដោយដូចម្ដេច? តើនរណាខ្លះមានសិទ្ធិចូលរួមក្នុងសកម្មភាពនេះ? តោះ មកតាមដានទាំងអស់គ្នា។
បើបកស្រាយឱ្យស្រួលស្ដាប់ទៅ រដ្ឋជាភាគីលក់ វិនិយោគិនជាអ្នកទិញមកកាន់កាប់ ឬជួញដូរ (ក្រោមទម្រង់ជាបណ្ណគូប៉ុង) ហើយរដ្ឋកៀរគរលុយដែលបានបោះលក់មូលបត្ររដ្ឋនេះ ដើម្បីយកទៅគាំទ្រគម្រោងវិនិយោគសាធារណៈ ជាអាទិ៍មានវិស័យសុខាភិបាល វិស័យអប់រំ។ល។ សំដៅលើកស្ទួយកំណើន និងផលិតភាពសេដ្ឋកិច្ច។
នៅសហរដ្ឋអាមេរិក មូលបត្ររដ្ឋនេះមានអាយុកាលជាង១សតវត្សរ៍ហើយ។ ក្នុងប្រទេសផ្សេងៗដែលមានវិស័យហិរញ្ញវត្ថុរីកចម្រើន រដ្ឋតែងតែមានលទ្ធភាពក្នុងការកៀរគរទុនពីសាធារណជន តាមរយៈទីផ្សារមូលបត្រនេះឯង។
ក្នុងរូបភាពមួយដែលរដ្ឋខ្ចីលុយពីវិនិយោគិននេះ តាមការបកស្រាយរបស់អ្នកជំនាញ គឺរដ្ឋមិនផុងចូលបំណុលវ័ណ្ឌក ដោយការបោះលក់នេះឡើយ។
បើតាមខ្លឹមសារនៃសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ កន្លងទៅ បានបញ្ជាក់ថាក្នុងមួយបណ្ណមានតម្លៃ ១លានរៀល។ ផលចំណេញដែលអ្នកទទួលបានគឺ
- ហានិភ័យទាប
- ការប្រាក់ (អត្រាគូប៉ុង) ដែលរដ្ឋសន្យាទូទាត់សង
- ភ្ជាប់នឹងប្រាក់ដើមត្រឡប់មកវិញនៅចុងគ្រា អាស្រ័យលើជម្រើស៣យ៉ាង ដែលអ្នកចង់វិនិយោគ គឺរយៈពេល១ឆ្នាំ ៣ឆ្នាំ និង៥ឆ្នាំ
- ការលើកទឹកចិត្តផ្នែកពន្ធដារជាដើម
យ៉ាងណាមិញ វិនិយោគិនសំខាន់ជាងគេសម្រាប់ទីផ្សារដំបូងនេះ គឺគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បេឡាជាតិរបបសន្តិសុខសង្គម ក្រុមហ៊ុនធានារ៉ាប់រងជាដើម ដោយប្រើវិធីសាស្ត្រដេញថ្លៃ។ ហើយចំពោះទីផ្សារបន្ទាប់ អ្នកមានសិទ្ធិចូលរួមនឹងត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រី។
អគ្គនាយកផ្សារមូលបត្រកម្ពុជាបានលើកឡើងថា៖ “ពេលសេដ្ឋកិច្ចយើងខ្ពស់ជាងនេះ ជាពិសេសមូលបត្រមានកម្រិតខ្ពស់ជាងនេះ ពេលនោះមូលបត្ររដ្ឋនឹងក្លាយទៅជាប្រភពទុន មិនចេះរីងស្ងួត។”
សម្រាប់ដំណឹងជាបន្ត ដែលអាចទុកចិត្តបាន អេដមីនសូមណែនាំប្រភពមួយចំនួនដើម្បីទទួលបានព័ត៌មាន រួមមាន៖
១. ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
២. ធនាគារជាតិ នៃកម្ពុជា
៣. និយ័តករមូលបត្រកម្ពុជា។ល៕