ធ្លាប់អត់ ថាមានអារម្មណ៍មិនស្រណុកក្នុងចិត្ត នៅពេលគេសួរពីប្រាក់ខែ? អាចថាជាទម្លាប់មួយរបស់មនុស្សមួយចំនួន នៅពេលដែលជួបមុខពេលណាក៏ដោយ មិនថាជិតស្និទ្ធ ឬក៏មិនជិតស្និទ្ធ គឺដឹងតែសួរពីរឿងប្រាក់ខែរបស់គេ។ ប៉ុន្តែបើគេខឹង ឬក៏អន់ចិត្ត កុំបាច់ឆ្ងល់ច្រើនថាមកពីមូលហេតុអ្វី។
ថ្ងៃនេះអេដមីននឹងប្រាប់នូវមូលហេតុប៉ុន្មានចំណុច ថាហេតុអ្វីយើងមិនគួរសួរពីប្រាក់ខែរបស់គេ។
អសុជីវធម៌៖
ប្រាក់ចំណូល ឬក៏ប្រាក់ខែត្រូវបានគេចាត់ទុកថាជា ព័ត៌មានផ្ទាល់ខ្លួនរបស់សាមីខ្លួនម្នាក់ៗ គ្មាននរណាម្នាក់មានអារម្មណ៍ល្អ នៅពេលដែលមានអ្នកសួរអំពីរឿងផ្ទាល់ខ្លួនរបស់ខ្លួននោះទេ។ ការដែលសួរសំណួរបែបនេះ គឺជារឿងមួយដែលមិនគួរធ្វើ ព្រោះវាបានបង្ហាញថាយ៉ាងច្បាស់ថាអ្នកដែលសួរគឺ ជាមនុស្សចូលចិត្តឈ្លានពានភាពឯកជន និងចង់ដឹងព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកដទៃ។ ដរាបណាភាគីម្ខាងទៀតមាន អារម្មណ៍ថា គាត់អាចចែករំលែកព័ត៌មាននឹងទៅកាន់អ្នក។
បង្កភាពច្រណែនឈ្នានីស៖
ក្នុងការសន្ទនាទូទៅរវាងមិត្តភក្តិនិងមិត្តភក្តិក៏ដោយ ការសួរអំពីប្រាក់ខែអាចនាំឱ្យមានការប្រៀបធៀបកេីតទ្បេីង ទោះបីមិនមែនចេញជាពាក្យសម្ដី ក៏អាចកើតមាននៅក្នុងចិត្តគំនិតដែរ។ អ្នកដែលមានប្រាក់ខែទាបជាង អាចនឹងមានអារម្មណ៍អន់ចិត្ត ជាមួយនឹងខ្លួនឯង។ ជាពិសេស បេីការសន្ទនានេះកើតឡើងរវាងមិត្តរួមការងារវិញ នៅក្នុងកន្លែងធ្វើការមួយចំនួន មុខដំណែងដូចគ្នា ចូលមកធ្វើការតំណាលគ្នា ប៉ុន្តែបែរជាមានប្រាក់ខែខុសគ្នា វាអាចបណ្តាលឱ្យភាគីដែលមានប្រាក់ខែតិចជាងមានការអាក់អន់ស្រពន់ចិត្ត ពេលខ្លះមានការគុំគួននៅក្នុងចិត្តទៅកាន់ថ្នាក់លើទៀត ដែលផ្តល់ប្រាក់ខែមិនស្មើគ្នា។
បង្កការរំពឹងទុក និងការរិះគន់៖
ការសួរនាំពីប្រាក់ខែបង្កអេាយពេលខ្លះពួកគាត់អាចវិនិច្ឆ័យ ឬរិះគន់របៀបចំណាយ ប្រាក់របស់អ្នកដូចជា“និយាយថាមានលុយបុ៉ណ្ណឹងដែលម្តេច អត់ទិញ ផ្ទះថ្មី ឬឡានថ្មី”។ ពួកគេតែងតែសម្រេចចិត្តជំនួសអ្នក ហេីយប្រាប់ថាគួរតែធ្វើនេះ ឬធ្វើនេាះ។ តែតាមពិតទៅគេមិនបានគិតដូចយើងជាសាម៉ីខ្លួនទេថា យើងក៏នៅត្រូវទុកលុយទាំងនោះផ្គត់ផ្គង់ តម្រូវការដទៃទៀត ឬ សន្សំទុកសម្រាប់អនាគតដូចជាពេលបាត់បង់ការងារ ឬឈឺជំងឺ។ល។ ការរំពឹងទុកនិងរិះគន់តែងតែកេីតមាននៅ ពេលអ្នករកប្រាក់ខែបានច្រេីនជាងពួកគាត់។
សម័យនេះហើយ អ្នកគួរតែផ្លាស់ប្តូរកិរិយាមាយាទ ចង់ជីកឬសជីកគល់ ដោយពេលជួបនរណាម្នាក់ ចាប់ផ្តើមចង់សួរអំពីប្រាក់ខែរបស់គេភ្លាម។ ខ្វះអីការចាប់ផ្ដើមការសន្ទនាជាមួយប្រធានបទ និងសំណួរជាច្រើនដែលអ្នកអាចសួរទៅកាន់ភាគីម្នាក់ទៀតដោយមិនចាំបាច់ធ្វើឲ្យភាគីម្ខាងទៀតមានអារម្មណ៍ មិនស្រណុកក្នុងចិត្ត។ ម៉្យាង ប្រាក់ខែមិនគួរតែជាប្រធានបទតែមួយគត់ដែលគួរតែលើកយកមកពិភាក្សា ប្រសិនបើអ្នកគ្រាន់តែចង់វាយតម្លៃអំពីជីវិតរបស់ម្នាក់នោះទេ៕
ចុចទីនេះដើម្បីស្វែងយល់បន្ថែមពី: ប្រាក់ខែ និងប្រាក់ចំណូលខុសគ្នាដូចម្ដេច
© 2021 - 2022 KAKCENT | រក្សាសិទ្ធិដោយកាក់សេន
សូមទាក់ទងមកពួកយើង ប្រសិនបើអ្នកចង់យកមាតិកាយើងទៅប្រើប្រាស់បន្ត។