ដែលឆ្ងល់ទេថាហេតុអ្វីបានជាគំនូរសិល្បៈមួយចំនួនមានតម្លៃថ្លៃៗខ្លាំងម្ល៉េះ? តួយ៉ាងដូចជាគំនូរ “The Starry Night” របស់ Vincent van Gogh និងគំនូរ portrait “Mona Lisa” ជាដើមដែលមានតម្លៃហក់លោតទៅដល់ខ្ទង់លានដុល្លារឯណោះ! នៅមានរូបគំនូរជាច្រើនផ្សេងទៀត ដែលមានអាយុកាលរាប់រយឆ្នាំ ហើយត្រូវបានយកមកដាក់ដេញថ្លៃជាមូយនឹងតម្លៃកប់ពពក។
តើមូលហេតុអ្វីទើបរូបគំនូរទាំងអស់នោះមានតម្លៃខ្ពស់ខ្លាំងយ៉ាងនេះ? យើងនឹងលើកយកមូលហេតុ ៤ ដែលធ្វើឲ្យស្នាដៃគំនូរសិល្បៈទាំងនោះមានតម្លៃហួសស្មាន៖
អាយុកាលនៃរូបគំនូរ៖
“ខ្ញីកាន់តែចាស់កាន់តែហឹរ” រីឯរូបគំនូរក៏ដូច្នេះដែរ។ អាយុកាលកាន់តែយូរ តម្លៃកាន់តែថ្លៃ ដូចវត្ថុបុរាណមួយចំនួនដែលត្រូវបានទទួលស្គាល់ទូលំទូលាយ និងមានភាពល្បីល្បាញទើបក្លាយជាវត្ថុកម្រ។ តួយ៉ាងដូចជាគំនូរព្រះយេស៊ូគ្រឹស្តិ “Salvator Mundi” បានក្លាយជាគំនូរមានតម្លៃថ្លៃខ្លាំងជាងគេបំផុតក្នុងប្រវត្តិសាស្រ្តនៃការដាក់ដេញថ្លៃរូបគំនូរ ដែលវាមានតម្លៃដល់ទៅ៤៥០លានដុល្លារអាមេរិច នេះបើតាមសារព័ត៌មានរបស់ The Guardian។
រូបគំនូរមួយនេះត្រូវបានគេប៉ាន់ប្រមាណថា ត្រូវបានគូរនៅដើមស.វទី១៥ ដោយវិចិត្រករដ៏ល្បីល្បាញម្នាក់គឺ Leonardo Da Vinci។ បើគិតទៅ វាមានអាយុកាលជាង៥០០ឆ្នាំទៅហើយ។ ម្យ៉ាងទៀត រូបគំនូរនេះក៏ស្ថិតនៅក្នុងទ្រង់ទ្រាយល្អមួយដែរ ដែលត្រូវបានគេថែទាំយ៉ាងយកចិត្តទុកដាក់ ទើបធ្វើឲ្យវាមានតម្លៃខ្លាំងដូចនេះ។
កេរ្តិ៍ឈ្មោះវិចិត្រករ៖
ប្រសិនបើវិចិត្រករ ឬអ្នកគូរគំនូរមានឈ្មោះបោះសំលេង ឬមានភាពល្បីល្បាញខ្លាំង នោះស្នាដៃរបស់គាត់ក៏នឹងទទួលបានចំណាប់អារម្មណ៍ពីមហាជនច្រើនដែរ ហើយស្នាដៃនោះនឹងមានតម្លៃកាន់តែច្រើនជាលទ្ធផល។ អ្នកដេញថ្លៃទិញគំនូរមួយចំនួនសុខចិត្តចំណាយលុយរាប់លាន ដើម្បីប្រមូលទុកជា collection នូវស្នាដៃរូបគំនូររបស់វិចិត្រករដែលខ្លួនចូលចិត្ត ឬគាំទ្រ។
យើងអាចក្រលេកមើលវិចិត្រករដ៏ល្បីល្បាញម្នាក់គឺ Pablo Picasso ដែលស្នាដៃនីមួយៗរបស់គាត់មានលក្ខណៈបែប abstract (មិនបង្ហាញឱ្យយល់ដោយត្រង់) និងទទួលបានការកោតសរសើរពីសំណាក់អ្នកស្រលាញ់គាំទ្រផ្នែកគំនូរសិល្បៈ។ ឧទាហរណ៍ដូចជាគំនូរបែប abstract មួយរបស់គាត់ឈ្មោះថា Dora Maar au Chat ដែលមានតម្លៃដល់ទៅប្រមាណ ៩៥លានដុល្លារ និងនៅមានគំនូរជាច្រើនទៀតដែលមានតម្លៃខ្ពស់កប់ពពក។ ពោល អាចបញ្ជាក់បានថាកិត្តិស័ព្ទរបស់លោក Pablo អាចធ្វើឲ្យរាល់ស្នាដៃរបស់គាត់មានតម្លៃខ្ពស់។
អត្ថន័យបង្កប់៖
ជារឿយៗ រូបគំនូរច្រើនតែមានអត្ថន័យបង្កប់ណាមួយ ដូចជារូបគំនូរខ្លះបានរៀបរាប់បង្ហាញនូវអារម្មណ៍របស់វិចិត្រករ ដោយគ្រាន់តែមើលរូបគំនូរក៏យើងអាចដឹងថាអ្នកគូរកំពុងមានឬចង់បង្ហាញអារម្មណ៍បែបណា។ ដោយឡែក រូបខ្លះទៀតអាចបង្កប់ជាសារផ្សេងៗដែលវិចិត្រករចង់ប្រាប់ទៅកាន់អ្នកទស្សនា។ អត្ថន័យបង្កប់ក្នុងរូបគំនូរមួយអាចទទួលបានការបកស្រាយឬឈ្វេងយល់ខុសៗគ្នាទៅតាមទស្សនៈមនុស្សម្នាក់ៗ។ ចំពោះអ្នកមិនសូវជាមានចំណូលចិត្តខាងគំនូរសិល្បៈអាចនឹងគិតថា វាគ្រាន់តែជារូបគំនូរធម្មតា។ តែចំពោះអ្នកស្នេហាផ្នែកគំនូរសិល្បៈឬអ្នកជំនាញផ្នែកនេះ អាចនឹងងាយយល់ឃើញនូវអត្ថន័យបង្កប់ស៊ីជម្រៅមួយចំនួន។
លើសពីនេះ សម្រាប់គំនូរមួយចំនួនដែលបង្កប់អត្ថន័យកាន់តែជ្រាលជ្រៅ និងមានភាពសាំញ៊ាំ នោះតម្លៃក៏កាន់តែខ្ពស់តាមនោះដែរ។ រូបគំនូរមួយចំនួនដែលមានន័យបង្កប់សាំញ៊ាំហើយនៅតែជាចម្ងល់មកដល់ជំនាន់នេះមានដូចជា អត្តសញ្ញាណរបស់នារីនៅក្នុងគំនូរ “Girl with a Pearl Earring” ការពិតពីការស្លាប់របស់ Vincent Van Gogh នៅក្នុងគំនូរ “Self portrait” -ល- ដែលត្រូវបានគេដាក់ដេញថ្លៃក្នុងតម្លៃមិនគួរឲ្យស្មានដល់។
វិនិយោគទុន៖
ស្នាដៃសិល្បៈល្បីៗជាច្រើន ត្រូវបានក្រុមអភិជន ទិញយកនិងចាត់ទុកជាការវិនិយោគទុន។ ដូចបានលើកឡើងពីចំណុចដំបូងខាងលើ តម្លៃនៃរូបគំនូរអាចកាន់តែថ្លៃទៅតាមអាយុកាលរបស់វា។ ដូច្នេះហើយ ពួកគេប្រមូលទិញស្នាដៃទាំងនោះនៅពេលដែលវាមានតម្លៃថោក និងលក់វាយកចំណេញវិញនៅពេលក្រោយ ពេលដែលតម្លៃអាចនឹងឡើងថ្លៃកប់ពពក។
ជារួមទៅ រាល់គំនូរសិល្បៈនីមួយៗតែងមានតម្លៃរៀងៗខ្លួន ដោយផ្អែកទៅលើច្រើនកត្តាដូចបានលើកឡើងមួយចំនួនខាងលើ។ តើអ្នកទាំងអស់គ្នាមានអារម្មណ៍យ៉ាងណាដែលចំពោះការបកស្រាយមួយនេះ?
ឯកសារយោង៖
- How Salvator Mundi became the most expensive painting ever sold at auction
- Leonardo's Lost Painting, "Salvator Mundi", Discovered
- Dora Maar au Chat
- 7 Reasons Why Some Art Is So Expensive
- The Da Vinci mystery: why is his $450m masterpiece really being kept under wraps?
- 10 Art Mysteries: From Artist Death to Unsolved Heists
- The 11 Biggest Unsolved Art Mysteries of All Time
© 2021 - 2022 KAKCENT | រក្សាសិទ្ធិដោយកាក់សេន
សូមទាក់ទងមកពួកយើង ប្រសិនបើអ្នកចង់យកមាតិកាយើងទៅប្រើប្រាស់បន្ត។