ថ្ងៃនេះ យើងងាកមកមើលផ្សារភាគហ៊ុនធំៗទាំង 10 នៅជុំវិញពិភពលោកម្ដងមើល៍!
តើមានផ្សារហ៊ុនប៉ុន្មានដែលអ្នកធ្លាប់លឺរួចហើយ ឬទើបតែលឺលើកទីមួយទេ?
សម្គាល់
* Market Cap (Market Capitalization ) ឬ មូលធនូបនីយកម្មទីផ្សារ
សំដៅដល់តម្លៃទីផ្សារសរុបនៃភាគហ៊ុនដែលក្រុមហ៊ុននោះដាក់លក់។
* ទិន្នន័យ Market Cap គិតត្រឹមខែ មិថុនា 2021 យោងតាម statista.com
* ក្រុមហ៊ុនចុះបញ្ជី ឬ Listed Companies សំដៅដល់ក្រុមហ៊ុនដែលចុះឈ្មោះដាក់លក់ភាគហ៊ុនរបស់ខ្លួននៅលើផ្សារហ៊ុន។
* ទិន្នន័យមួយចំនួនទៀតទាក់ទងនឹងឆ្នាំកកើត និង listed companies ត្រូវបានដកស្រង់ចេញគេហទំព័រដើមនៃផ្សារហ៊ុននីមួយៗ។
NYSE ឬ New York Stock Exchange
NYSE ឬ New York Stock Exchange ជាប់ចំណាត់ថ្នាក់លេខ ១ នៅលើពិភពលោកដោយមានតម្លៃភាគហ៊ុនជួញដូរសរុបចំនួន 24.4 ទ្រីលានដុល្លារ គិតត្រឹមខែឧសភា ឆ្នាំ 2021។ ទីផ្សារនេះត្រូវបានបង្កើតឡើងនៅឆ្នាំ 1792 ដែលមានទីតាំងនៅលើផ្លូវ Wall Street ទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក។
សព្វថ្ងៃ នៅក្នុង NYSE មាន 2,300 ក្រុមហ៊ុនដែលបានចុះឈ្មោះដាក់លក់ភាគហ៊ុន (NYSE, The NYSE Listed Company Network) ហើយក្នុងនោះមានដូចជាក្រុមហ៊ុនកូកាកូឡា និងក្រុមហ៊ុន Walmart ជាដើម។
Nasdaq
Nasdaq ជាផ្សារភាគហ៊ុនធំលំដាប់លេខ២ ដែលមានតម្លៃភាគហ៊ុនជួញដូរសរុបចំនួន 20.87 ទ្រីលានដុល្លារ និងត្រូវបានបង្កើតឡើងនៅឆ្នាំ 1971។ ផ្សារភាគហ៊ុន Nadasq ក៏ស្ថិតនៅក្នុងទីក្រុងញ៉ូវយ៉កនៃសហរដ្ឋអាមេរិកដែរ។ វាជាផ្សារភាគហ៊ុនដំបូងគេនៅលើពិភពលោកដែលបើកឲ្យមានការជួញភាគហ៊ុនតាមរយៈប្រព័ន្ធអេឡិចត្រូនិច ហើយផ្តោតសំខាន់ទៅលើក្រុមហ៊ុនបច្ចេកវិទ្យា និងសេវាថែទាំសុខភាព។ បច្ចុប្បន្ន Nadasq មាន 3,097 ក្រុមហ៊ុនដែលចុះបញ្ជីជួញដូរនៅក្នុងផ្សារ (គិតត្រឹមខែមេសា 2021 ដោយយោងតាម The Motley Fool) ហើយភាគច្រើនជាក្រុមហ៊ុនបច្ចេកវិទ្យាដូចជា Microsoft, Apple និង Tesla ជាដើម។
Shanghai Stock Exchange
ផ្សារភាគហ៊ុនធំលំដាប់ទី៣ Shanghai Stock Exchange នៅប្រទេសចិន មានតម្លៃភាគហ៊ុនជួញដូរសរុបចំនួន 7.63 ទ្រីលានដុល្លារ និងបង្កើតឡើងតាំងពីឆ្នាំ 1866 មកម្ល៉េះ ប៉ុន្តែត្រូវបានទទួលស្គាល់និងប្រកាសជាផ្លូវការនៅថ្ងៃទី 26 ខែវិច្ឆិកា ឆ្នាំ1990។ ក្នុងផ្សារហ៊ុនសៀងហៃមានក្រុមហ៊ុនលើសពី 1,403 ដែលបានចុះឈ្មោះ (ទិន្នន័យពី Sustainable Stock Exchanges Initiative)។
Hong Kong Exchanges (HKEX)
Hong Kong Exchanges (HKEX) មានតម្លៃភាគហ៊ុនជួញដូរសរុបចំនួន 6.87 ទ្រីលានដុល្លារ ហើយមានក្រុមហ៊ុនច្រើនជាង 2,206 ដែលបានចុះឈ្មោះជួញដូរហ៊ុន (គិតត្រឹមថ្ងៃ 30 កក្កដា ឆ្នាំ 2021 យោងតាមគេហទំព័រ HKEX, Hong Kong and Mainland Market Highlights)។
ពាក់កណ្តាលនៃក្រុមហ៊ុនដែលចុះឈ្មោះជួញដូរក្នុង HKEX ជាក្រុមហ៊ុនមកពីចិនដីគោករួមមាន ក្រុមហ៊ុន AIA និង China Mobile ជាដើម។ HKEX ចាប់កំណើតតាំងពីឆ្នាំ1891 ក្នុងនាម “The Association of Stockbrokers in Hong Kong” តែរហូតដល់ថ្ងៃទី 25 មករា ឆ្នាំ 1996 ទើបមានការជួញដូរភាគហ៊ុនលើកដំបូង។
Japan Exchange Group (JPX)
ទីផ្សារភាគហ៊ុនដែលធំបន្ទាប់ គឺ Japan Exchange Group (JPX) មានតម្លៃហ៊ុនជួញដូរសរុបចំនួន 6.71 ទ្រីលានដុល្លារ និងត្រូវបានបង្កើតឡើងនៅថ្ងៃទីឆ្នាំ 1878។
នៅលើផ្សារភាគហ៊ុននេះមានក្រុមហ៊ុនចំនួន 3,787 (គិតត្រឹម 31 កក្កដា 2021 យោងតាម JPX, Number of Listed Companies/Shares) ដែលរួមមានក្រុមហ៊ុន Honda, Toyota និង Sony ជាដើម។
Shenzhen
ផ្សារភាគហ៊ុន Shenzhen ជាផ្សារភាគហ៊ុនមួយទៀតនៅប្រទេសចិន ដែលបង្កើតឡើងនៅឆ្នាំ1990 និងមានតម្លៃហ៊ុនជួញដូរសរុបចំនួន 5.72 ទ្រីលានដុល្លារ។ ផ្សារហ៊ុនមួយនេះមានក្រុមហ៊ុនចុះឈ្មោះសរុបចំនួន 2,473 ក្រុមហ៊ុន (គិតត្រឹមថ្ងៃ 02 សីហា 2021) និងមានការបែងចែកប័ណ្ណភាគហ៊ុនជាពីរប្រភេទគឺ ប្រភេទ A សម្រាប់អ្នកដែលមានសញ្ជាតិចិន និងប្រើប្រាស់លុយចិន និងប្រភេទ B សម្រាប់ជនបរទេស និងប្រើប្រាស់លុយដុល្លារអាមេរិក។
London Stock Exchange
London Stock Exchange ជាផ្សារភាគហ៊ុនដ៏ចំណាស់មួយ ដែលមានប្រវត្តិចាប់ផ្ដើមកកើតឡើងដំបូងបំផុតតាំងពីឆ្នាំ 1698 ក្រោយមកទើបមានប្រតិបត្តិការជួញដូរហ៊ុនដំបូងនៅឆ្នាំ 1801។ រហូតមកដល់ឆ្នាំ 2001 ផ្សារហ៊ុន London បានក្លាយជាក្រុមហ៊ុនសាធារណៈដែលដាក់លក់ភាគហ៊ុននៅលើទីផ្សាររបស់ខ្លួន។ ដោយនៅឆ្នាំ 2007 មានការរួមបញ្ចូលគ្នាជាមួយនឹងផ្សារហ៊ុន Borsa Italiana នៃប្រទេសអ៉ីតាលី ទើបលេចឡើងនូវវត្តមាន London Stock Exchange Group (LSE Group)។
LSEG មានតម្លៃហ៊ុនជួញដូរសរុបចំនួន 3.82 ទ្រីលានដុល្លារ និងមានក្រុមហ៊ុនចុះឈ្មោះច្រើនជាង 2,500 ក្រុមហ៊ុន ដែលក្នុងនោះមានដូចជា Barclays, British Petroleum, និង Glaxosmithkline ។ល។
TMX Group
លេខរៀងទី 10 គឺ TMX Group ដែលក្លាយខ្លួនមកពីដើមកំណើតនៃផ្សារ Toronto Stock Exchange (TSX) តាំងពីឆ្នាំ 1861។ បើយោងតាម statista.com TMX Group មានតម្លៃភាគហ៊ុនជួញដូរសរុបចំនួន 2.95 ទ្រីលានដុល្លារ និងមានក្រុមហ៊ុនចុះឈ្មោះជួញដូរក្នុងផ្សារចំនួន 3,486 ក្រុមហ៊ុន (ទិន្នន័យពី Sustainable Stock Exchanges Initiative)។ សព្វថ្ងៃ TMX Group ជាអ្នកប្រតិបត្តិការផ្សារហ៊ុន 4 គឺ TSX, TSX Venture Exchange, TSX Alpha Exchange និង Montréal Exchange។
Bombay Stock Exchange (BSE) និង National Stock Exchange (NSE)
នៅប្រទេសឥណ្ឌាមានផ្សារហ៊ុនធំៗ 2 គឺ Bombay Stock Exchange (BSE) និង National Stock Exchange (NSE)។ BSE ជាផ្សារភាគហ៊ុនចំណាស់ជាងគេនៅអាស៊ី ដោយឡែកផ្សារភាគហ៊ុន NSE គឺជាផ្សារហ៊ុនធំជាងគេនៅប្រទេសឥណ្ឌា ស្ថិតនៅទីក្រុងបុមបៃ និងត្រូវបានបង្កើតឡើងនៅឆ្នាំ 1992។ ផ្សារភាគហ៊ុននេះមានក្រុមហ៊ុនចុះឈ្មោះប្រហែល 2,000 ក្រុមហ៊ុន ដែលមានតម្លៃភាគហ៊ុនជួញដូរសរុបចំនួន 3.05 ទ្រីលានដុល្លារ៕
ប្រភពឯកសារស្រាវជ្រាវ៖
1. Largest Stock Exchange Operators By Market Cap (as of June 2021) | Statista
2. Listed Companies | NYSE Listed Companies Network
3. What is the Nasdaq Composite Index? | The Motley Fool
4. Shanghai Stock Exchange | Sustainable Stock Exchanges
5. Hong Kong and Mainland Market Highlights | HKEX
6. Hong Kong Stock Market Historical Events | HKEX
7. HKEX Milestone | HKEX
8. Number of Listed Companies/Shares | Japan Exchange Group
9. History | Japan Exchange Group
10. About | euronext.com
11. Euronext Definition | Investopedia
12. Milestones | Shenzhen Stock Exchange (szse.cn)
13. Market Overview | Shenzhen Stock Exchange (szse.cn)
14. History of London Stock Exchange Group | LSEG
15. Contributor - London Stock Exchange | London Stock Exchange
16. Toronto Stock Exchange (TSX) Definition | Investopedia
17. TMX Group Definition and History | Investopedia
18. TMX Group Inc. | Sustainable Stock Exchanges
19. History & Milestones | National Stock Exchange (NSE) | nseindia.com
20. India: Number of Companies Listed in NSE and BSE 2020 | Statista
21. BSE vs NSE - Difference and Comparison | Diffen
© 2021 - 2022 KAKCENT | រក្សាសិទ្ធិដោយកាក់សេន
សូមទាក់ទងមកពួកយើង ប្រសិនបើអ្នកចង់យកមាតិកាយើងទៅប្រើប្រាស់បន្ត។