ថ្ងៃខ្លះ ១ដុល្លារប្តូរបាន ៤០០០រៀល តែថ្ងៃខ្លះទៀតឡើងបានរហូតដល់ ៤១៥០រៀល ហើយជួនកាលក្នុងថ្ងៃតែមួយ ផ្លាស់ប្តូរ២ ឬ៣ដងក៏មាន។ ដល់ពេលអត្រាប្តូរប្រាក់ប្រែប្រួលដូច្នេះ តើវាបណ្តាលមកពីកត្តាអ្វីខ្លះទៅ?
អត្រាប្តូរប្រាក់ និយាយឲ្យស្រួលស្តាប់គឺជាថ្លៃរបស់រូបិយប័ណ្ណប្រទេសមួយ ធៀបនឹងមួយឯកតានៃរូបិយប័ណ្ណប្រទេសមួយទៀត។ អត្រាប្ដូរប្រាក់ជាទូទៅអាចនឹងប្រែប្រួលដោយសារកត្តាមួយចំនួនដូចជា៖
1 អតិផរណា
ឧទាហរណ៍ថាពីមុន យើងត្រូវការ ១,៥ដុល្លារ ដើម្បីប្ដូរយក ១អឺរ៉ូ តែឥឡូវយើងត្រូវការតែ ១ដុល្លារប៉ុណ្ណោះ ដើម្បីបានលុយអឺរ៉ូ១ឯកតា (បានន័យថាលុយអឺរ៉ូធ្លាក់ស្មើលុយដុល្លារ)។ នេះដោយសារអឺរ៉ុបកំពុងជួបប្រទះអតិផរណា ធ្វើឲ្យលុយចុះថោក ហើយពេលនោះអ្នកដែលកាន់លុយដុល្លារក្នុងខ្លួននឹងចង់ទៅដើរលេងនៅអឺរ៉ុបច្រើន ដ្បិតពេលមានលុយដុល្លារ អ្នកអាចទិញទំនិញ និងសេវាកម្មនៅអឺរ៉ុបបានធូរថ្លៃជាងមុន។
2 អត្រាការប្រាក់
អតិផរណា អត្រាការប្រាក់ និងអត្រាប្ដូរប្រាក់តែងតែមានទំនាក់ទំនងនឹងគ្នា ជាក់ស្ដែងធនាគារកណ្ដាលនឹងដំឡើងអត្រាការប្រាក់ខ្ពស់ ដើម្បីគោលបំណងធំបំផុត គឺទប់ទល់នឹងអតិផរណា (លើកទឹកចិត្តការសន្សំ)។ ការកើនឡើងនៃអត្រាការប្រាក់ នឹងផ្ដល់ប្រាក់ចំណេញខ្ពស់ដល់អ្នកផ្ដល់កម្ចី ព្រមទាំងទាក់ទាញវិនិយោគមូលធនពីបរទេស ដែលជាហេតុនាំឲ្យអត្រាប្ដូរប្រាក់ហក់ឡើង។ បញ្ច្រាសមកវិញ បើអត្រាការប្រាក់ធ្លាក់ចុះ អត្រាប្ដូរប្រាក់នឹងដាំក្បាលដូចគ្នា។
3 ស្ថានភាពនយោបាយ និងសេដ្ឋកិច្ច
នៅពេលប្រទេសមួយមានស្ថានភាពនយោបាយ និងសេដ្ឋកិច្ចនឹងនរ និងអំណោយផល នោះនឹងទាក់ទាញវិនិយោគិនបរទេសកាន់តែច្រើន។ ពេលសេដ្ឋកិច្ចលូតលាស់ នរណាមិនចង់ប្រើរូបិយប័ណ្ណខ្លួន? ពេលតម្រូវការលុយជាតិមានការកើនឡើង អត្រាប្ដូរប្រាក់មានសភាពល្អតាមនោះ។
4 បំណុលរដ្ឋាភិបាល
ករណីដែលបំណុលសាធារណៈនៃប្រទេសមួយកើនឡើង អត្រាឈានទៅរកអតិផរណាក៏ខ្ពស់ ហើយពេលនោះឱនភាពថវិកាជាតិ នឹងធ្វើឱ្យប្រទេសនោះក្លាយជាគោលដៅមិនទាក់ទាញសម្រាប់ការវិនិយោគ។ បើប្រទេសនោះសម្រេចចិត្តបោះពុម្ពលុយបន្ថែមដើម្បីទូទាត់បំណុល នឹងធ្វើឲ្យអតិផរណាឡើងខ្ពស់ ជាហេតុដែលអត្រាប្ដូរប្រាក់ធ្លាក់ថ្លៃ។
5 ការនាំចេញ-នាំចូល
ប្រសិនបើប្រទេសមួយមានការនាំចេញខ្ពស់ជាងការនាំចូល នោះជាសញ្ញាល្អសម្រាប់អត្រាប្ដូរប្រាក់។ ដូច្នេះ បើអត្រានាំចេញកាន់តែខ្ពស់ មានន័យថាតម្លៃ និងតម្រូវការរូបិយប័ណ្ណរបស់ប្រទេសនោះមានការកើនឡើង។
យើងឃើញថាអត្រាប្ដូរប្រាក់ មិនមែនផ្លាស់ប្ដូរសុខៗឡើយ គឺវាមានហេតុដើមចមរបស់វាដែលរុញច្រានឱ្យមានភាពប្រែប្រួល។ ប្រសិនបើអ្នកតែងតែធ្វើប្រតិបត្តិការហិរញ្ញវត្ថុដែលទាក់ទងនឹងរូបិយប័ណ្ណច្រើន អ្នកគួរតែតាមដាននូវព័ត៌មានប្ដូរប្រាក់ឱ្យបានសព្វជ្រុងជ្រោយ ជៀសវាងការខាតបង់ណាមួយដោយសារតែការប្រែប្រួលរបស់អត្រាប្តូរប្រាក់៕
© 2022 - 2023 KAKCENT | រក្សាសិទ្ធិដោយកាក់សេន