ជារៀងរាល់ឆ្នាំ ឱ្យតែជិតដល់ថ្ងៃសែននំព្រះខែ (ឬគេហៅជាភាសាអង់គ្លេសថា Mid-Autumn Festival) ប្រជាជនយើងជាច្រើននាក់ ជាពិសេសអ្នកដែលកាត់ខែ្សស្រឡាយជនជាតិចិន ដឹងតែ ស្រវេស្រវ៉ាទិញនំសែនលោកខែមកទុកសែនហើយ។ សែនមួយឆ្នាំៗអស់មិនតិចទេ បើតាមតម្លៃទីផ្សារ នំមួយមានតម្លៃយ៉ាងហោចណាស់ក៏ ១២,០០០ រៀល ទៅ ១៦,០០០ រៀល ដែរ ហើយបើនំប្រេនៗ មួយចំនួនទៀតអាចមានតម្លៃថ្លៃៗរហូតដល់ទៅ ១ ប្រអប់ជិត ១០០ដុល្លារក៏មាន។
តើហេតុអីបាននំសែនព្រះខែទាំងនោះមានតម្លៃថ្លៃយ៉ាងនេះ?
Branding (ម៉ាកផលិតផល)
ជាធម្មតា នំមានតម្លៃកាន់តែថ្លៃទៅតាមភាពល្បីល្បាញនៃ brand (ម៉ាក ឬអត្តសញ្ញាណអាជីវកម្ម) ដែលអតិថិជនតែងគាំទ្រដោយជឿទុកចិត្តទៅលើគុណភាពនៃផលិតផលរបស់ brand ទាំងនោះ។ ជាក់ស្ដែងនៅក្នុងប្រទេសយើង មានហាងលក់នំសែនព្រះខែជាច្រើនដែលបានឈរជើងក្នុងទីផ្សាររាប់ឆ្នាំមកហើយ និងនៅតែទទួលបានការជឿទុកចិត្តនិងគាំទ្រពីសំណាក់អតិថិជនប្រចាំរបស់ពួកគេរហូតដល់សព្វថ្ងៃ។
ដូច្នេះហើយ ទើបធ្វើឱ្យកិត្តិនាមនៃហាងនំពីដើមមួយចំនួនត្រូវបានគេទទួលស្គាល់តៗគ្នារហូត រីឯផលិតផលរបស់ពួកគេក៏នៅតែរក្សាឬអាចគិតតម្លៃកាន់តែខ្ពស់ទៅតាមកេរ្តិ៍ឈ្មោះរបស់ហាង។ យ៉ាងណាមិញ ប៉ុន្មានឆ្នាំចុងក្រោយនេះ យើងឃើញមានវត្តមានហាងថ្មីៗជាច្រើនបានចាប់ផ្ដើមផលិតនំសែនព្រះខែដាក់លក់ក្នុងទីផ្សារ។ ប៉ុន្តែទោះជា brand ថ្មីៗមួយចំនួនទើបតែលេចមុខក៏ដោយ មិនថាហាងនំបុ័ង ឬហាងនំខេកក្នុងស្រុក ឬ brand ធំៗ នៅអាចទាក់ទាញឱ្យអតិថិជនជាវផលិតផលរបស់ពួកគេ
ដោយសារតែការងឿងឆ្ងល់ និងចំណាប់អារម្មណ៍ចង់សាកភ្លក់រសជាតិនំសែនព្រះខែថ្មីៗប្លែកៗពីហាងទាំងនោះ។
គ្រឿងផ្សំ
គ្រឿងផ្សំឬរសជាតិ(ស្នូល)នៃនំសែនព្រះខែក៏អាចធ្វើឱ្យតម្លៃនំតិចច្រើនខុសគ្នាដែរ តួយ៉ាងដូចជានំសែនព្រះខែស្នូលសណ្ដែក ឬស្នូលង៉ូវយីង។ល។ អ្នកដែលតែងសែននំព្រះខែ ប្រាកដជាដឹងហើយថាស្នូលង៉ូវយីងផ្សំឡើងពីគ្រាប់ធញ្ញជាតិ និងគ្រឿងផ្សំជាច្រើនមុខ ទើបធ្វើឱ្យនំស្នូលង៉ូវយីងច្រើនតែថ្លៃជាងស្នូលដទៃទៀត។ ដោយសារតែនំសែនព្រះខែជាប្រភេទផលិតផលតាមរដូវកាល ដូច្នេះគ្រឿងផ្សំមួយចំនួនអាចឡើងថ្លៃទៅតាមតម្រូវការ និងពេលរដូវកាលវាជិតមកដល់។
នៅឆ្នាំនេះជាពិសេស ហាងនំសែនព្រះខែទាំងចាស់ និងថ្មីបានព្យាយាមបង្កើតរសជាតិប្លែកៗជាច្រើនរួមមាននំស្នូលសូកូឡា ឬម៉ាតឆាជាដើម ដើម្បីទាក់ទាញអតិថិជនក្មេងៗនិងចាប់យកទីផ្សារបន្ថែម ដែលធ្វើអោយការចំណាយលើគ្រឿងផ្សំសម្រាប់រសជាតិទាំងនេះមានប្រៀប មានតម្លៃប្រហាក់ប្រហែល ឬអាចថ្លៃជាងនំស្នូលទូទៅ ដូចជាស្នូលសណ្តែក ឬស្នូលឈូកពងទា ១ ២ ឬ៥ ដែលចាស់ៗនិយមទិញ។
ការវេចខ្ចប់
សោភ័ណភាពនៃការវេចខ្ចប់របស់នំសែនព្រះខែក៏ជាកត្តាដែលធ្វើឱ្យនំមានតម្លៃថ្លៃដែរ។ មែនទែនទៅ នំសែនព្រះខែមិនត្រឹមតែប្រើប្រាស់សម្រាប់ថ្ងៃសែនមួយថ្ងៃនោះទេ។ ដោយនំប្រភេទនេះក៏ត្រូវបានជាវជាជំនូន(កាដូ)សម្រាប់ជូនអ្នកមានគុណ មនុស្សចាស់ បងប្អូនញាតិមិត្ត ឬអ្នកជាទីស្រលាញ់ ទើបការវេចខ្ចប់នំលោកខែមួយចំនួនត្រូវបានផ្ចិតផ្ចង់ឡើងដើម្បីឱ្យមើលទៅមានភាព premium (លំដាប់ខ្ពស់) ឬមានការតុបតែងដែលអាចប្រើប្រាស់ជាជំនូនរួចជាស្រេច។ ហេតុនេះទើបតម្លៃនំលោកខែក៏អាស្រ័យទៅតាមប្រភេទសំបកវេចខ្ចប់ដូចគ្នា។
តម្រូវការ
ឱ្យតែដល់រដូវកាលសែននំលោកខែ តម្រូវការមិនងាយថមថយទេ។ ដោយពិធីនេះមានតែមួយឆ្នាំម្ដង និងតែងត្រូវបានគេប្រារព្ធជារៀងរាល់ឆ្នាំ ទើបតម្រូវការចេះតែមានរហូត។ ដូចបានបកស្រាយពីខាងលើ ក្រៅពីទិញសម្រាប់ការសែនព្រេនហើយ អ្នកខ្លះអាចជាវជាកាដូជូនដល់
ញាតិមិត្តថែមទៀត ដូច្នេះទើបតម្រូវការនំសែនលោកខែនៅតែមាន មិនងាយប្រែប្រួល។ ម្យ៉ាងវិញទៀត នំសែនលោកខែតែងមានតម្លៃថ្លៃស្រាប់ទៅហើយ ប៉ុន្តែ បើសិនជាម្ចាស់ហាងបន្ថែមការផ្សព្វផ្សាយថានំរបស់គេមានរសជាតិថ្មី ខុសប្លែកពីរសជាតិពីមុន ឬជាផលិតផល limited edition នោះវាក៏អាចជម្រុញឱ្យតម្រូវការនៅតែបន្តកើនឡើងផងដែរ៕