ទៅដណ្ដឹងកូនគេ គេទារ $5,000 បងសេរីមន្តផ្ដាំប្រាប់ថា «អូយ! ថ្លៃណាស់»
បណ្ណាការ សំដៅដល់ជំនូន ភ័ស្តុភារ និងតង្វាយ ដែលគេតែងតែហៅថា “ថ្លៃទឹកដោះ!” នោះឯង។
សម័យបច្ចុប្បន្ន ឱ្យតែនិយាយដល់រឿងរៀបការ ខាងបងបុរសៗច្រើនរអ៊ូថា មិនមានលុយដណ្ដឹងកូនគេទេ ថ្លៃទឹកដោះឥឡូវថ្លៃណាស់។ រីឯមតិមួយចំនួនទៀតក៏លើកឡើងថា ឱ្យតែស្រឡាញ់គ្នា ស្មោះស្ម័គ្រទៅបានហើយ ចាំបាច់មើលធ្ងន់លើថ្លៃទឹកដោះធ្វើអ្វី?
សមហេតុផលម្យ៉ាងដែរ ឱ្យតែស្រឡាញ់គ្នាស្មោះទៅបានហើយមែនទេ? ចុះចាំបាច់មានថ្លៃទឹកដោះធ្វើអី្វ?
កាលពីដើម ការចូលស្ដីដណ្ដឹង ខុសពីពេលច្ចុប្បន្នច្រើន ព្រោះកាលពីមុន បើឪពុកម្ដាយខាងស្រីយល់ព្រមតាមការចូលស្ដីរបស់ឪពុកម្ដាយខាងប្រុសរួចហើយ កូនប្រុសត្រូវទៅបម្រើឪពុកម្ដាយខាងស្រីដូចជាការងារផ្ទះ មើលថែទាំដំណាំជាដើម។ ឯថ្លៃបណ្ណាការ ឬថ្នៃស្នាប់ទឹកដោះ ក៏ឪពុកម្ដាយខាងស្រីទាមទារដែរ គ្រាន់សម្រាប់ចំណាយតិចតួចលើកម្មវិធីអាពាហ៍ពិពាហ៍ប៉ុណ្ណោះ។
បើយោងទៅតាម កម្រងឯកសារស្ដីពីប្រពៃណី និងទំនៀមទំលាប់ខ្មែរ ភាគទី៤ ដែលចងក្រង និងរៀបរៀងដោយ សាស្ត្រាចារ្យ មៀច ប៉ុណ្ណ ស្នាប់ទឹកដោះគឺជាការកាត់ថ្លៃទឹកដោះ ដែលម្ដាយបង្ហូរចេញពីទ្រូងមកចិញ្ចឹមកូនស្រីតាំងពីកើតមករហូតដល់ពេលឈប់បៅ។ ចុះសួរថា ម្ដាយកូនប្រុសក៏បានចិញ្ចឹមបីបាច់ដោយថ្លៃទឹកដោះដូចគ្នាដែរ ម្ដេចមិនទូទាត់គ្នាទៅ? ចម្លើយនោះគឺ តាមរបបមាតាធិបតេយ្យដែលយកស្ត្រីជាធំ មានតែម្ដាយខាងស្រីទេដែលមានសិទ្ធិទាមទារថ្លៃស្នាប់ទឹកដោះ។
ងាកមកពេលបច្ចុប្បន្នវិញ ភាគច្រើនបំផុតគឺគ្រួសារខាងស្រីជាអ្នកទទួលរៀបចំ និងទូទាត់ថ្លៃចំណាយទាំងអស់លើការរៀបចំពិធីអាពាហ៍ពិពាហ៍ ហើយភាគច្រើន គឺគេយកថ្លៃទឹកដោះនេះឯងមកទូទាត់ចាយវាយ។ ងាយស្រួលយល់ទេ ធ្វើតូច ចំណាយតិច ធ្វើធំកាលណា អស់ច្រើនទៅតាមនោះ ហើយបើពិធីធំហ៊ឺហារទៀតនោះ មិនបាច់ថ្លែងទេ។
ដូចនេះហើយ ថ្លៃបណ្ណាការដែលបង្គាប់នោះ នឹងត្រូវយកមកទូទាត់ចំណាយចាំបាច់ផ្សេងៗសម្រាប់ពិធីអាពាហ៍ពិពាហ៍ រាប់តាំងពីមុនថ្ងៃចូលរោងដែលអាចរួមបញ្ចូលទាំងថ្លៃ pre-wedding ផ្សេងៗ ថ្លៃភ្នួង រោងការ អាចារ្យ ជំនូនផ្លែឈើ នំនែក ចេកអំពៅជាដើម និងចំណាយបន្ទាប់បន្សំផ្សេងៗទៀត។ បើយើងគិតឱ្យស៊ីជម្រៅ ចំណាយនីមួយៗសុទ្ធសឹងតែជាចំណាយខ្ពស់ៗ ទាមទារថ្លៃចំណាយច្រើនទម្រាំពិធីការមួយអាចកើតឡើងបាន។
អ៊ីចឹងយើងសរុបមកវិញ។ លុយមិនអាចបញ្ជាក់ពីក្ដីស្រឡាញ់បានទេ ប៉ុន្តែបណ្ណាការក៏មិនអាចអត់បានដែរ ព្រោះជាទំនៀមទំលាប់ប្រពៃណី ហើយវាក៏មានគោលដៅនៃការប្រើប្រាស់ច្បាស់លាស់សមហេតុសមផលដែរ។ រីចំពោះការចរចា ស៊ើបសួរថ្លៃបណ្ណាការគួរណាប្រព្រឹត្តទៅដោយប្រុងប្រយ័ត្ន និងការគួរសម ដើម្បីចៀសវាងនាំឱ្យមានការអាក់អន់ស្រពន់ចិត្តចំពោះគ្នាទៅវិញទៅមក ឬអាចរាំងស្ទះដល់អាពាហ៍ពិពាហ៍ផងក៏មាន។ សំខាន់បើយល់ចិត្តយល់ថ្លើមគ្នា គិតថាអាចរស់នៅជាមួយគ្នាជាគូស្រករល្អូកល្អឺនយូរអង្វែងហើយ ភាគីទាំងពីរគប្បីព្យាយាមសម្រុះសម្រួលតាមដែលអាចទៅរួច ដើម្បីក្ដីសុខទៅថ្ងៃមុខនៃគ្រួសារទាំងសងខាង៕
© 2021 - 2022 KAKCENT | រក្សាសិទ្ធិដោយកាក់សេន
សូមទាក់ទងមកពួកយើង ប្រសិនបើអ្នកចង់យកមាតិកាយើងទៅប្រើប្រាស់បន្ត។
ឯកសារយោង៖
១. តើបណ្ណាការថ្លៃ ពិតជាជួយលើកកិត្ដិយសស្ដ្រីពេលរៀបការមែនទេ? - WMC
២. ប្រវត្តិ ៖ មានអ្នកផ្លូវ ហែជំនូន ថ្លៃទឹកដោះ រៀបផ្លែឈើ៣៦មុខ | សារព័ត៌មាននគរធំ (norkorthom.com)
៣. កម្រងឯកសារស្ដីពីប្រពៃណី និងទំនៀម ទំលាប់ខ្មែរ ភាគទី៤ ដែលចងក្រង និងរៀបរៀងដោយ សាស្ត្រាចារ្យ មៀច ប៉ុណ្ណ, បោះពុម្ពឆ្នាំ២០១២
(http://5000year.space/0datacenter/book/25012018/015.pdf)