ហេតុអីឱ្យតែទៅសម្ភាសន៍ការងារ គេតែងតែនិយាយថា «So, tell me about yourself?» គេចង់ញ៉ែយើងមែន? ឱ្យយើងឆ្លើយពីព័ត៌មានផ្ទាល់ខ្លួន ចំណង់ចំណូលចិត្ត ឬពីប្រវត្តិគ្រួសារមែន?
មិននោះទេ! តាមពិតទៅ សំនួរនេះ អ្នកសម្ភាសន៍ចង់ឱ្យយើងរៀបរាប់ត្រួសៗពីប្រវត្តិការសិក្សា ក៏ដូចជាបទពិសោធន៍ការងារដែលយើងធ្លាប់មាន ដើម្បីបញ្ជាក់ប្រាប់គេថា ហេតុអីយើងស័ក្តិសមទទួលបានការងារនោះ។
ចុះក្រៅពីហេតុផលមួយនេះ តើបទពិសោធន៍ការងារដែលយើងមាន នឹងនាំយើងទៅដល់ណាខ្លះ?
➊. ស្វែងយល់ពីខ្លួនឯង
ពេលនៅរៀន ធ្លាប់គេសួរអត់ថា «អនាគតចង់ធ្វើការខាងអី?» គាំង! ស្រពេចស្រពិល? ការស្វែងរកនូវចំណុចខ្លាំង និងទេពកោសល្យរបស់យើង ផ្ដើមចេញពីការដកបទពិសោធន៍ការងារផ្សេងៗគ្នានេះឯង។ ការងារទាំងនោះអាចមានដូចជាការងារហាត់ការ ការងារឯករាជ្យ ឬការងារក្រៅម៉ោង។ បទពិសោធន៍នីមួយៗនឹងបង្រៀនអ្នកឱ្យស្គាល់ពីខ្លួនឯងច្បាស់ថា ស្រឡាញ់ការងារណា និងមិនចូលចិត្តការងារបែបណា។
➋. ប្រឡូកក្នុងសង្គម
បទពិសោធន៍ការងារនឹងនាំអ្នកឱ្យស្គាល់មនុស្សគ្រប់ប្រភេទ និងមេរៀនជាច្រើននៅក្នុងសង្គម ដែលជាមេរៀនមិនមានបង្រៀននៅសាលា។ យើងម្នាក់ៗត្រូវការអភិវឌ្ឍខ្លួនទាំងជំនាញពីសាលា និងជំនាញទន់ (Soft skill) ដូចជា ជំនាញទំនាក់ទំនង ការងារជាក្រុម ជំនាញសម្របសម្រួល និងការដឹកនាំក្រុមការងារជាដើម។ ក្រៅពី នោះអ្នកអាចស្វែងយល់ការងារ និងយកទ្រឹស្តី ចំណេះដឹងដែលបានរៀនយកមកអនុវត្តជាក់ស្តែងក្នុងបរិបទការងារ ដើម្បីឲ្យខ្លួនឯងកាន់តែរីកចម្រើនខ្លាំងទៅមុខ។
➌. ឱកាសទទួលបានការងារ
នៅពេលដែលអ្នកដាក់ពាក្យធ្វើការ (CV) ស្ថិតក្នុងដំណាក់កាលជ្រើសរើស (Shortlist) គេនឹងផ្ដោតខ្លាំងទៅលើបទពិសោធន៍ការងាររបស់អ្នកទាំងអស់គ្នា។ អ៊ីចឹង! បើអ្នកធ្លាប់មានបទពិសោធន៍ពីមុន ឱកាសទទួលការជ្រើសរើសនឹងច្រើនជាងអ្នកដទៃ។ ជាងនេះទៅទៀត បទពិសោធន៍ការងារក៏ផ្ដល់ផលប្រយោជន៍ដល់អ្នក សម្រាប់យកទៅចរចាជាមួយស្ថាប័ន ឬក្រុមហ៊ុនពីរឿងប្រាក់ពលកម្មអ្នកទៀតផង។
➍. បង្កើនបណ្តាញទំនាក់ទំនង
នៅពេលអ្នកធ្វើការងារនៅកន្លែងណាមួយ អ្នកតែងតែរាប់អានមិត្តរួមការងារ និងអាចសុំ ឲ្យពួកគាត់ជួយណែនាំរឿងផ្សេងៗ។ ការរាប់អាននៅក្នុងន័យនេះ មិនមែនចង់មានន័យថា រាប់អានរកផលប្រយោជន៍នោះទេ តែការរាប់អានគ្នាតែងតែផ្តល់ផលល្អដល់គ្នាទៅវិញទៅមក ដូចជាអ្នកអាចផ្តល់ជាព័ត៌មានសំខាន់ៗ ទៅដល់មិត្តរួមការងារ ការចែករំលែកចំណេះដឹងផ្សេងៗ។ ឬនៅពេលដែលមានឱកាសណាមួយ ពួកគាត់អាចណែនាំអ្នកសម្រាប់ការងារនោះជាដើម។
➎. យល់ដឹងកាន់តែច្បាស់ពីលុយកាក់
អ្នកនឹងចាប់ផ្ដើមដឹងថា «លុយមិនងាយស្រួលរកនោះទេ» ប៉ុន្តែឪពុកម្ដាយរបស់យើងពុះពារគ្រប់បែបយ៉ាងក្នុងការប្រាក់ចំណូលដើម្បីរក្សាលំនឹងនៅក្នុងគ្រួសារ និងប្រាកដថា កូនៗរបស់គាត់រៀនចប់ចុងចប់ដើម។ ក្រៅពីនេះ អ្នកផ្ទាល់ក៏ចាប់ផ្ដើមចេះចាយវាយបែបសន្សំសំចៃ មានផែនការត្រឹមត្រូវ ជួនកាលអាចជាពូកែសន្សំជាងឪពុកម្ដាយយើងថែមទៀតផង។
នៅចាំអារម្មណ៍បើកប្រាក់ខែដំបូងអត់? ចាំជួយប្រាប់អេដមីនផង ថ្ងៃបើកប្រាក់ខែដំបូងសប្បាយចិត្តខ្លាំងប៉ុនណាដែរ?
បទពិសោធន៏ការងារមិនមែនបង្រៀនអ្នកឲ្យចេះតែធ្វើការងារជំនាញរបស់អ្នកតែមួយមុខនោះទេ វាបង្រៀនអ្នកជាច្រើនចំណុចទៀតនៅក្នុងជីវិតរបស់អ្នក។ វាទាំងបង្ហាញអ្នកអំពីជីវិតរស់នៅ ក្នុងសង្គមជាក់ស្តែង ដែលធ្វើឲ្យចិត្តគំនិតរបស់អ្នកកាន់តែចាស់ទុំជាងមុន។ ដូចនេះ អ្នកគួរតែឆ្លៀតឱកាសចុះហាត់ការងារ ឬធ្វើការងារដើម្បីយកបទពិសោធន៍ និងស្វែងយល់ពីរបៀបធ្វើការ ព្រោះសម័យបច្ចុប្បន្ននេះមានសញ្ញាបត្រតែមួយមុខមិនគ្រប់នោះឡើយ៕