SWOT គឺជាអក្សរកាត់តំណាងឲ្យពាក្យ Strength, Weakness, Opportunity, Threat មានអត្ថន័យថាចំណុចខ្លាំង ចំណុចខ្សោយ ឱកាស និងការគំរាមកំហែង
ឬហានិភ័យ។
ចំណុចនីមួយៗ បង្កើតបានជាការវាយតម្លៃឱ្យអាជីវកម្ម ដើម្បីឱ្យម្ចាស់អាជីវកម្មឬសហគ្រិនស្វែងយល់បន្ថែម ក៏ដូចជាប្រៀបធៀបសក្តានុពលអាជីវកម្មរបស់ខ្លួននៅក្នុងវិស័យនីមួយៗ។
ចំណុចខ្លាំង (Strength)៖ ម្ចាស់អាជីវកម្មចាំបាច់ត្រូវតែដឹងពីចំណុចខ្លាំង ឬចំណុចលេចធ្លោដែលល្អជាងដៃគូប្រកួតប្រជែង ដើម្បីទាក់ទាញអតិថិជន។ ក្នុងនោះរួមមាន សេវាកម្មល្អ
ផលិតផលមានគុណភាពខ្ពស់ និងគំនិតច្នៃប្រឌិត។ល។
ចំណុចខ្សោយ (Weakness)៖ ត្រូវសង្កេតមើលចំណុចខ្សោយនៃអាជីវកម្មរបស់ខ្លួន ព្រោះវាក៏ជាចំណុចផ្ដើម
ដ៏សំខាន់ដើម្បីស្វែងរកដំណោះស្រាយ និងកែតម្រូវ ចៀសវាងប៉ះពាល់ដល់ដំណើរការអាជីវកម្ម។
ដើម្បីដឹងពីចំណុចខ្សោយរបស់ខ្លួន យើងអាចប្រៀបធៀបប្រតិបត្តិការផ្ទៃក្នុងអាជីវកម្ម ឬរបៀបនៃការគ្រប់គ្រងអាជីវកម្មដៃគូ។
ឱកាស (Opportunity)៖ ចំណុចនេះសំដៅដល់ការចាប់យកឱកាសដែលមានក្នុងទីផ្សារឱ្យបានមុនគេ ជាមួយនិងការសម្រេចចិត្តត្រឹមត្រូវក្នុងការជ្រើសរើសយកឱកាសដ៏សក្តិសម។
ក្រៅពីនេះ ឱកាសរួមមានដូចជា ការបង្កើតផលិតផលឬសេវាកម្មបន្ថែមឱ្យស្របទៅតាមការវិវត្តនៃនិន្នាការទីផ្សារ (market trend) ការពង្រីកទីតាំងអាជីវកម្ម(សាខា)។ល។
ការគំរាមកំហែងឬហានិភ័យ (Threat)៖ ជាកត្តាដែលធ្វើឲ្យប៉ះពាល់ដល់អាជីវកម្មរបស់យើងដូចជា សេដ្ឋកិច្ចធ្លាក់ចុះ គ្រោះមហន្តរាយធម្មជាតិ ការធ្វើវិសោធនកម្មច្បាប់ ការជ្រៀតចូលទីផ្សារនៃដៃគូប្រជែងថ្មី និងការតម្លើងថ្លៃទំនិញពីអ្នកផ្គត់ផ្គង់ជាដើម។គួរត្រៀមខ្លួននិងគិតពីផែនការបម្រុង (backup plan) សម្រាប់ដោះស្រាយជាមួយបញ្ហានានាៗ ដើម្បីការពារ និងកាត់បន្ថយហានិភ័យ។
វិធីសាស្ត្រវិភាគអាជីវកម្ម SWOT Analysis នេះមានប្រយោជន៍ជាពិសេសសម្រាប់សហគ្រិនថ្មីថ្មោង និងអ្នករៀបចំគម្រោងបង្កើតអាជីវកម្ម ដើម្បីងាយស្រួលគ្រប់គ្រងអាជីវកម្ម ក៏ដូចជាការប្រកួតប្រជែងនៅលើទីផ្សារ។ លើសពីនេះ វាក៏អាចដើរតួសំខាន់ក្នុងការសម្រេចចិត្តបង្កើតយុទ្ធសាស្រ្តអាជីវកម្មថ្មីផងដែរ៕
© 2021 – 2022 KAKCENT | រក្សាសិទ្ធិដោយកាក់សេន
សូមទាក់ទងមកពួកយើងប្រសិនបើអ្នកចង់យកមាតិកាយើងទៅប្រើប្រាស់បន្ត។