សិស្សានុសិស្សដែលទើបតែប្រលងចប់ទី១២ថ្មីៗ មានដឹងថាខ្លួនចង់រៀនមុខជំនាញអ្វីបន្តនៅសាកលវិទ្យាល័យហើយឬនៅ? ហើយមានដឹងអត់ថាមុខជំនាញដែលខ្លួនចង់រៀន ពេលចេញទៅ អាចប្រកបការងារអ្វីខ្លះ?
ថ្ងៃនេះ អេដមីននឹងចែករំលែកពីប្រភេទការងារមួយចំនួនដែលអ្នករៀនមុខជំនាញផ្សេងៗខាងក្រោមអាចចាប់ជាអាជីពបាន បន្ទាប់ពីបញ្ចប់ថ្នាក់សិក្សាផ្នែកមួយនោះ។
អក្សរសាស្រ្តអង់គ្លេស ទំនាក់ទំនងអន្តរជាតិ និងប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍
ប៉ុន្មានឆ្នាំចុងក្រោយនេះ ជំនាញទាំង៣ខាងលើមានកំណើនចំនួនសិស្សានុសិស្សចុះឈ្មោះចូលរៀនច្រើន។ ជាក់ស្តែងដូចជាជំនាញអក្សរសាស្រ្តអង់គ្លេសជាដើម ដោយជំនាញមួយនេះក្រៅពីមានឱកាសធ្វើជាគ្រូបង្រៀន សិស្សនិស្សិតដែលបញ្ចប់ការសិក្សាខាងផ្នែកនេះ ក៏អាចធ្វើជាអ្នកបកប្រែភាសានៅឯក្រសួងនិងក្រុមហ៊ុនឯកជនជាដើម។ ម្យ៉ាងទៀតអ្នកក៏អាចមានឱកាសធ្វើជាមន្រ្តី ឬបុគ្គលិកទំនាក់ទំនាក់ (Communication Officer) បានផងដែរ។
សម្រាប់សិស្សនិស្សិតជំនាញសិក្សាអន្តរជាតិវិញ មានឱកាសច្រើនក្នុងការដាក់ពាក្យចូលធ្វើការនៅស្ថានទូតក្រោមមុខងារជា អ្នកការទូត ឬក៏មន្រ្តីប្រចាំស្ថានទូតជាជើម។ រីឯជំនាញប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍វិញ និស្សិតក៏អាចធ្វើជាអ្នកសារព័ត៌មានឯករាជ្យ និងផលិតករភាពយន្តឯកសារជាដើម។
សេដ្ឋកិច្ច ការគ្រប់គ្រងអាជីវកម្ម និងគណនេយ្យ
ជំនាញគណនេយ្យ និងសេដ្ឋកិច្ច ជាជំនាញដែលពីមួយឆ្នាំទៅមួយឆ្នាំ មានតម្រូវការការងារកាន់តែច្រើនឡើង តួយ៉ាងដូចជាសវនករ (auditor) និង អ្នកវិភាគសេដ្ឋកិច្ច (Economic Analyst) ដែលមានឱកាសការងារខ្ពស់ទាំងក្នុងស្ថាប័នរដ្ឋនិងឯកជន។
ចំណែកឯមុខជំនាញការគ្រប់គ្រងអាជីវកម្មវិញ (Business Administration) ជាមុខជំនាញមួយទៀត ដែលកំពុងតែមានទីផ្សារ សម្រាប់ក្រុមហ៊ុនឯកជនធំៗទាំងជាតិនិងអន្តរជាតិនានា។ ម្យ៉ាងប៉ុន្មានឆ្នាំចុងក្រោយនេះ ទាំងម្ចាស់អាជីវកម្ម និងក្រុមហ៊ុននានាបានធ្វើការផ្លាស់ប្តូរការធ្វើទីផ្សារ ពីលក្ខណៈប្រពៃណី មកជាឌីជីថល ដូច្នេះហើយសិស្សដែលរៀនមុខជំនាញនេះ អាចនឹងសាកសមជាមួយនឹងការងារខាងផ្នែកទីផ្សារឌីជីថល។
វិទ្យាសាស្រ្តកុំព្យូទ័រ និងស្ថាបត្យកម្ម
ជំនាញវិទ្យាសាស្រ្តកុំព្យូទ័រជាជំនាញមួយដែលទាក់ទងទៅនឹងបច្ចេកវិទ្យា ហើយបច្ចេកវិទ្យាគឺមានការវិវត្តិទៅមុខរហូតពីមួយឆ្នាំទៅមួយឆ្នាំ។ បច្ចុប្បន្នតម្រូវការទីផ្សារការងារដែលទាក់ទងទៅនឹងការសរសេរកូដ និង ការរចនា UX/UI មានការកើនឡើងគួរឲ្យកត់សម្គាល់។ ចំពោះសិស្សនិស្សិតដែលមានចំណាប់អារម្មណ៍ចូលចិត្តតាមទាន់នូវបច្ចេកវិទ្យាទំនើប ជំនាញនេះគឺសម្រាប់អ្នក។
បើនិយាយពីជំនាញស្ថាបត្យកម្មវិញ ដូចយើងបានឃើញសព្វថ្ងៃ កំណើនការសាងសង់សំណង់អចលនទ្រព្យនានាមានជាលំដាប់ ដូច្នេះហើយសិស្សដែលរៀនមុខជំនាញនេះនឹងមានឱកាសការងារខ្ពស់ក្នុងវិស័យមួយនេះ។ បន្ថែមពីនឹង អ្នកដែលបានបញ្ចប់ការសិក្សាខាងផ្នែកនេះ ក៏មានឱកាសបម្រើការងារក្នុងស្ថាប័នរដ្ឋដែលពាក់ព័ន្ធនានា ដូចជាក្រសួងដែនដី និងក្រសួងសាធារណការជាដើម។
វេជ្ជសាស្រ្ត និងឱសថសាស្រ្ត
ជំនាញឱសថសាស្រ្ត គឺស្ថិតក្នុងចង្កោមវិទ្យាសាស្រ្តសុខាភិបាល ក្រៅពីធ្វើជាគ្រូពេទ្យ សិស្សនិស្សិតដែលបញ្ចប់ការសិក្សាដែលមានមុខជំនាញនេះក៏អាចធ្វើនៅក្រុមហ៊ុនផលិតថ្នាំពេទ្យផងដែរ។ ចំពោះអ្នកដែលចូលចិត្តខាងស្រាវជ្រាវ ក៏អាចបន្តថ្នាក់អនុបណ្ឌិត និងថ្នាក់បណ្ឌិត ធ្វើជាសាស្រ្តាចារ្យនៅសាកលវិទ្យាល័យ។
ចុចទីនេះ ដើម្បីស្វែងយល់បន្ថែម: ហេតុអ្វីគួរឲ្យកូនរៀនចប់ចុងចប់ដើម?
© 2021 – 2022 KAKCENT | រក្សាសិទ្ធិដោយកាក់សេន
សូមទាក់ទងមកពួកយើង ប្រសិនបើអ្នកចង់យកមាតិកាយើងទៅប្រើប្រាស់បន្ត។