ធ្លាប់តែលឺឪពុកម្តាយ និងមិត្តរួមការងារជជែកគ្នាឲ្យសន្សំប្រាក់ទិញផ្ទះ ឬដី ឬបង់រំលស់ផ្ទះនៅតាមបុរីដេីម្បីទុកលក់នៅពេលណាមួយ ព្រោះអាចរីកដុះដាលខ្លាំងនៅ ប៉ុន្មានឆ្នាំទៅមុខទៀត។ ពេលខ្លះទីតាំងអចលនទ្រព្យ ដី និងផ្ទះអាចរីកចម្រេីននាអនាគត តែពេលខ្លះទៀតវាមិនទទួលបានផលចំនេញដូចការរំពឹងទុក។ អ៊ីចឹងតើកត្តាអ្វីខ្លះធ្វើឲ្យតម្លៃអចលនទ្រព្យប្រែប្រួល?
១ កត្តាសេដ្ឋកិច្ច
កត្តាសេដ្ឋកិច្ចទាក់ទងកត្តាតម្រូវការ ដែលជះឥទ្ធិពលលើតម្លៃអចលនទ្រព្យ។ កាលណាកំណីនសេដ្ឋកិច្ចមានការកើនឡើង នោះប្រាក់ចំណូលកើនឡើង មានឱកាសការងារក៏កើន បានន័យថាជីវភាពប្រជាជនក៏មានភាពប្រសើរឡើង ដូចនេះ ពួកគាត់មានលទ្ធភាពច្រើនក្នុងការទិញអចលនទ្រព្យ។ កាលណាតម្រូវការកើនឡើង តម្លៃក៏កើនឡើងទៅតាមពេលនឹងដែរ។ ផ្ទុយទៅវិញ កាលណាសេដ្ឋកិច្ចធ្លាក់ចុះ តម្រូវការក៏ ធ្លាក់ដូចគ្នា តម្លៃក៏ទៅតាមនឹង ហេីយអាចកេីតនៅពេលមានវិបត្តិសេដ្ឋកិច្ច សង្រ្គាម ឬគ្រោះធម្មជាតិជាដើម។
២ តម្រូវការ និងការផ្គត់ផ្គង់
អចលនទ្រព្យប្រៀបដូចគ្នាទៅនឹងផលិតផលផ្សេងៗដែរ។ កាលណាមានការផ្គត់ផ្គង់អចលនទ្រព្យលើសតម្រូវការ នោះតម្លៃនឹងធ្លាក់ចុះ។ ប្រសិនបេីតម្រូវការមានការកើនឡើង នេាះតម្លៃក៏កេីនទ្បេីង។ ជាក់ស្ដែង នៅ ទីក្រុងធំៗដែលមានប្រជាជនច្រើនលើសលុបវិញ តម្លៃអចលនទ្រព្យកាន់តែឡើងថ្លៃ ដោយសារគ្មានដីសេសសល់ទំនេរដើម្បីសាងសង់ និងអភិវឌ្ឍបន្តទៀត។ ដូចនៅ ទីក្រុងហុងកុងដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ល្បីល្បាញជាប់ចំណាត់ ថ្នាក់លេខ១ និងមានប្រជាជនប្រហែល៧លាននាក់រស់នៅ លើដីដែលមានទំហំ១១០៦គម២ មានសេសសល់ដីតិចតួចបំផុតសម្រាប់អភិវឌ្ឍជាលំនៅឋាន។ ដូច្នេះហើយទើបទីក្រុងហុងកុង ដែលមានតម្លៃផ្ទះថ្លៃជាងគេលើពិភពលោក។
៣ គោលនយោបាយរបស់រដ្ឋាភិបាល
គោលនយោបាយរបស់រដ្ឋាភិបាល ដូចជាអត្រាការប្រាក់ទាប និងការកាត់បន្ថយពន្ធអាច ជម្រុញអោយតម្លៃអចលនទ្រព្យប្រែប្រួលផងដែរ។ នៅពេលដែលអត្រាការប្រាក់នៅតាម ធនាគារធ្លាក់ចុះចំនួនអ្នកដែលចង់ទិញផ្ទះអាចកើនឡើងដោយសារពួកគេមានលទ្ធភាពក្នុង ការស្នើសុំកម្ចីទិញផ្ទះ។ ដូច្នេះតម្រូវការកើនឡើងតម្លៃអចលនទ្រព្យនឹងកើនឡើងទៅតាម តម្រូវការដែរ។ បន្ថែមពីនេះការប្រែប្រួលនៃពន្ធអាករឧទាហរណ៍ដូចជាទៅលើសម្ភារៈ សំណង់ដែលនាំចូលមកពីក្រៅប្រទេសក៏អាចមានឥទ្ធិពលលើការប្រែប្រួលនៃតម្លៃអចលនទ្រព្យដែរដ្បិតថាការសាងសង់ផ្ទះ ឬអគារផ្សេងៗតែងតែត្រូវការសម្ភារៈសំណង់ដូចជា ដែក អាលុយមីញ៉ូម ឬ ឈើជាដើម។ រដ្ឋាភិបាលនៃប្រទេសមួយៗតែងតែគិតពន្ធបន្ថែម (Tariffs)លើសម្ភារៈនាំចូលដើម្បីលើកទឹកចិត្តក្រុមហ៊ុនសាងសង់ឲ្យប្រើប្រាស់សម្ភារៈ សំណង់ដែលផលិតក្នុងស្រុក។ ដូច្នេះការតំឡើង ឬបន្ថយពន្ធធ្វើឲ្យថ្លៃសាង់សង់កើនឡើង ឬចុះថោកដែលធ្វើឲ្យតម្លៃផ្ទះ ឬអគារប្រែប្រួលទៅតាមនោះ។
៤ ការអភិវឌ្ឍក្រុង
ការពង្រីកទីក្រុង និងការអភិវឌ្ឍក្រុងក៏ជាកត្តាមួយដែលអាចជះឥទ្ធិពលលើការឡើងចុះនៃ តម្លៃអចលនទ្រព្យផងដែរ។ ការអភិវឌ្ឍនៅតំបន់ណាមួយតែងតែនាំមកជាមួយនូវការ អភិវឌ្ឍហេដ្ឋារចនាសម្ពន្ធ័ដូចជា ផ្លូវថ្នល់ ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត សាលារៀន មន្ទីរពេទ្យជាដើម ដែលអាចទាក់ទាញប្រជាជនមករស់នៅ ឬប្រកបអាជីវកម្មនៅតំបន់នោះ ទើបនាំអោយតម្លៃអចលនទ្រព្យនៅទីនោះកើនឡើង។ ជាក់ស្តែងប្រសិនបើ តំបន់មួយ ស្រាប់តែមានសក្តានុពលការងារដោយមានក្រុមហ៊ុនធំៗមកវិនិយោគ និងបង្កើតការងារ ដូចនេះតម្លៃផ្ទះនៅ តំបន់នោះនឹងឡើងថ្លៃ ដោយសារប្រជាជនអាចប្តូរមករស់នៅ ដើម្បីបំពេញតាមឱកាសការងារទាំងនោះ។ ផ្ទុយទៅវិញប្រសិនបើសក្តានុពលសេដ្ឋកិច្ចនៅ តំបន់មួយធ្លាក់ចុះដូចជាមិនសូវមានឱកាសការងារធ្វើឲ្យប្រជាជនចាកចេញទៅរស់នៅតំបន់ថ្មី នោះតម្លៃអចលនទ្រព្យក៏ធ្លាក់ចុះដូចគ្នា។
៥ ការរីកលូតលាស់ទៅតាមតំបន់
នៅពេលដែលតំបន់ណាមួយមានប្រជាជនរស់នៅកុះករវាតែងតែទាក់ទាញឲ្យមានការ បង្កើតអាជីវកម្មជាលក្ខណៈសេវាកម្មដើម្បីផ្គត់ផ្គង់តម្រូវការអ្នករស់នៅទីនោះ។ ផ្សារទំនើប ភោជនីយដ្ឋាន កន្លែងហាត់ប្រាណ រោងភាពយន្ត និងការរីកដុះដាលបន្តិចម្តងៗ។ ការលូតលាស់បែបនេះធ្វើឲ្យតំបន់នោះក្លាយជាកន្លែងគួរឲ្យចង់ រស់នៅ ហើយតម្លៃអចលនទ្រព្យ អាចនឹងកើនឡើងទ្វេដងក៏ថាបាន៕
ចុចទីនេះដើម្បីស្វែងយល់បន្ថែមពី: តើក្រុមហ៊ុនវិនិយោគលើអចលនទ្រព្យធ្វើអីខ្លះ?
© 2021 – 2022 KAKCENT | រក្សាសិទ្ធិដោយកាក់សេន
សូមទាក់ទងមកពួកយើង ប្រសិនបើអ្នកចង់យកមាតិកាយើងទៅប្រើប្រាស់បន្ត។