ខ្លី តែខ្លឹម!! ចំណាយពេលត្រឹមតែ១នាទីដើម្បីទទួលបានចំណេះដឹងថ្មីៗ។
ការវិនិយោគលើកាក់គ្រីបតូមិនមែនជារឿងងាយស្រួលទេ។ សព្វថ្ងៃក៏យើងនៅឃើញអ្នកវិនិយោគបានសាងកំហុសទូទៅមួយចំនួនក្នុងវិស័យនេះដោយមិនដឹងខ្លួន។
អានបន្តពីកំហុសទូទៅ ៣ ដែលអ្នកវិនិយោគលើគ្រីបតូតែងប្រព្រឹត្ត និងស្វែងយល់ពីដំណោះស្រាយទាំងអស់គ្នា!
វិនិយោគលើកាក់គ្រីបតូតែមួយប្រភេទ
គន្លឹះដំបូងក្នុងការវិនិយោគគឺយើងមិនគួរយកដើមទុនទាំងអស់ទៅវិនិយោគលើកាក់គ្រីបតូតែមួយប្រភេទនោះទេ ព្រោះយើងប្រឈមមុខនឹងហានិភ័យខ្ពស់ ប្រសិនបើតម្លៃរបស់កាក់គ្រីបតូមួយនោះធ្លាក់ចុះភ្លាមៗជាគំហុក។ ប៉ុន្តែបើយើងបំបែកទុនវិនិយោគទៅលើកាក់ច្រើនប្រភេទ នោះផលប៉ះពាល់ដល់តម្លៃសរុបនៃការវិនិយោគរបស់យើងនឹងត្រូវបានកាត់បន្ថយ ព្រោះបើកាក់គ្រីបតូមួយធ្លាក់តម្លៃ វាជះឥទ្ធិពលតែលើទុនវិនិយោគរបស់អ្នកលើកាក់គ្រីបតូមួយនោះប៉ុណ្ណោះ។
វិនិយោគលើសពីសមត្ថភាព
ទីផ្សារគ្រីបតូជាទីផ្សារដែលងាយរងភាពរង្គោះរង្គើ។ នោះតម្លៃកាក់គ្រីបតូតែងត្រូវប្រឈមនឹងការផ្លាស់ប្តូរតម្លៃលឿនពីមួយថ្ងៃទៅមួយថ្ងៃដែលគ្មាននរណាអាចស្មានដឹងមុន។ ហេតុនេះ យើងមិនគួរប្រថុយប្រថានយកលុយទាំងអស់ ទៅវិនិយោគរហូតត្រូវខាតបង់លើសពីសមត្ថភាពរបស់យើងនោះទេ។ ដើមទុនដែលយកមកវិនិយោគគួរស្ថិតក្នុងកម្រិតមួយដែលយើងបានគ្រោងទុក និងបានត្រៀមចិត្តរួចជាស្រេចក្នុងការទទួលយកការខាតបង់ទំាងនោះបាន។ បន្ថែមពីនេះ យើងក៏គួរជៀសវាងការខ្ចីបំណុលបន្ថែមដើម្បីយកទៅវិនិយោគទៅលើកាក់គ្រីបតូដែរ។
មិនបានសិក្សាស្រាវជ្រាវច្បាស់លាស់មុនវិនិយោគ
អ្នកគប្បីស្គាល់ច្បាស់ពីដំណើរការជួញដូរ ប្រភេទ និងប្រវត្តិរបស់កាក់គ្រីបតូ ដែលអ្នកចង់វិនិយោគ។ យើងមិនណែនាំឲ្យអ្នកវិនិយោគទៅលើកាក់ណាមួយតាមតែមាត់អ្នកដទៃ ដោយសារតែវាកំពុងឡើងថ្លៃ ឬដោយសារតែមានបុគ្គលល្បីល្បាញណាម្នាក់កំពុងផ្សព្វផ្សាយ និងដោយគ្មានការសិក្សាស្រាវជ្រាវខ្លួនឯងច្បាស់លាស់ជាមុននោះទេ។ ផ្ទុយទៅវិញ ការស្រាវជ្រាវពីព័ត៌មានច្បាស់លាស់របស់កាក់ដែលយើងចង់វិនិយោគនឹងជួយដល់ការសម្រេចចិត្តឲ្យបានត្រឹមត្រូវ ថាតើគួរតែទិញ រក្សាទុក ឬលក់ចេញនៅពេលណាមួយជាក់លាក់៕
______________
© 2022 – 2023 KAKCENT | រក្សាសិទ្ធិដោយកាក់សេន
សូមទាក់ទងមកពួកយើង ប្រសិនបើអ្នកចង់យកមាតិកាយើងទៅប្រើប្រាស់បន្ត។