តើអ្នកធ្លាប់គិតរៀបចំគម្រោងចូលនិវត្តន៍ឬទេ?
ជាទូទៅ ការរៀបគម្រោងចូលនិវត្តន៍សំដៅដល់ការរៀបផែនការហិរញ្ញវត្ថុទុកពេលយើងចាស់ទៅ ឬពេលយើងឈប់ធ្វើការរកចំណូល។ គម្រោងចូលនិវត្តន៍ខុសពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ព្រោះយើងមានគោលដៅនិងពេលវេលាដែលចង់ចូលនិវត្តន៍ខុសៗគ្នា ហើយវិធីសាស្រ្តដើម្បីសម្រេចគោលដៅទាំងនោះក៏ខុសគ្នាដែរ។ ធម្មតា គម្រោងចូលនិវត្តន៍ទាក់ទងនឹងការបែងចែកលុយសន្សំ ការបង្កើតប្រភពប្រាក់ចំណូលឬលំហូរសាច់ប្រាក់សម្រាប់ចំណាយនិងតម្រូវការពេលយើងចាស់ទៅ។
បើទោះបីជាអ្នកគិតថាអ្នកនៅក្មេងនៅឡើយ ឬពេលចូលនិវត្តន៍នៅយូរទៀតក្ដី ការរៀបគម្រោងចូលនិវត្តន៍នេះ គួរចាប់អនុវត្តឱ្យកាន់តែឆាប់កាន់តែប្រសើរ ដោយសារហេតុផលដូចជា៖
១ បំពេញក្ដីស្រមៃ
អ្នកណាដែលថាមិនចង់សម្រាកពីការងារ ចូលនិវត្តន៍ មានពេលលំហែកាយ ហើយ enjoy life តាមក្ដីស្រមៃនោះ? បើយើងសម្រេចតាមគម្រោងផែនការ ឆាប់បានចូលនិវត្តន៍ យើងនឹងមានពេលច្រើនដើម្បីសម្រេចនូវក្ដីស្រមៃទាំងនោះ (គ្រាន់តែថាមានពេលហើយ បើអត់លុយក៏បំពេញក្ដីស្រមៃមិនបានដែរ)។ មានពេលដើរលេង លំហែវិស្សមកាល នៅផ្ទះលេងជាមួយចៅៗ ហើយ និងenjoy ប្រាក់សន្សំសម្រាប់ពេលចូលនិវត្តន៍នោះ មួយជីវិតមានប៉ុន្មានដងទៅ?
២ យើងមិនអាចធ្វើការជារៀងរហូតទេ
បើទោះបីជាពេលខ្លះ យើងគិតថាចង់ធ្វើការឱ្យបានយូរក៏ពិតមែន ប៉ុន្តែយើងក៏គួរគិតពីថ្ងៃអនាគត ពេលដែលយើងចាស់ទៅ រាងកាយសម្បទាអាចនឹងមិនរឹងមាំដូចពេលនៅក្មេងទេ ដ្បិតការងារខ្លះអាចមានផលពិបាកឬអាចប៉ះពាល់ដល់រាងកាយនៅវ័យកាន់តែជ្រេទៅ។ ម្យ៉ាងទៀត ដូចនិយាយពីចំណុចមុនអញ្ចឹង បើយើងបានសម្រាកពីការងារខ្លះនឹងមានពេលសម្រាប់ខ្លួនឯង យ៉ាងណាក៏ឱ្យជីវិតមានន័យខ្លះដែរ មែនទេ?
៣ គ្រោះអាសន្នពេលវ័យចំណាស់
អនាគតរបស់យើងម្នាក់ៗមើលមិនឃើញឡើយ។ យើងមិនអាចដឹងមុនបានថាវានឹងទៅជាយ៉ាងណា ថាយើងនឹងជួបបញ្ហាអ្វីខ្លះនោះទេ។ ពេលជួបបញ្ហាហិរញ្ញវត្ថុផ្ទាល់ខ្លួន ពេលមានអាសន្នអន់ក្រ ជំងឺឈឺថ្កាត់ពេលចាស់ទៅ ឬ គ្រោះថ្នាក់ផ្សេងៗដែលយើងមិនអាចដឹងមុនបាន ហេតុនេះហើយទើបយើងគួររៀបគម្រោងចូលនិវត្តន៍ យ៉ាងហោចណាស់វានឹងអាចជួយដោះទាល់បានខ្លះៗដែរ។
៤ មិនចាំបាច់ពឹងផ្អែកលើគ្រួសារទាំងស្រុង
សាកស្រមៃថា ប្រសិនជាមិនបានត្រៀមគម្រោងដើម្បីសន្សំប្រាក់ទុកចូលនិវត្តន៍នោះទេ យើងប្រហែលជាត្រូវពឹងផ្អែកទៅលើកូនៗដូចជាចំណាយផ្សេងៗ ថ្លៃថែទាំសុខភាពពេលចាស់ទៅជាដើម។ ដូចនេះហើយ បើយើងបានត្រៀមប្រាក់គ្រប់គ្រាន់ទុកចូលនិវត្តន៍នោះ វានឹងជួយសម្រួលទាំងខ្លួនយើងនិងសម្រាលដល់បន្ទុកពីកូនចៅផង។
ការចាប់ផ្តើមរៀបចំផែនការចូលនិវត្តន៍ឱ្យបានឆាប់តាមដែលអាចធ្វើទៅបានពិតជាប្រសើរ
ហើយផែនការការចូលនិវត្តន៍អាចគ្រោងបានតាមវិធីផ្សេងៗដូចជាការបង់ធានារ៉ាប់រង បង្កើតប្រភពចំណូលអកម្ម ឬ វិនិយោគទុនផ្សេងៗ ដែលយើងសង្ឃឹមថានឹងអាចឱ្យផលមកយើងវិញនៅថ្ងៃក្រោយ។ ចុះទាំងអស់គ្នាវិញ គិតថារៀបគម្រោងចូលនិវត្តន៍ដើម្បីអីដែរ?
ទាំងអស់នេះគ្រាន់តែជាចំនុចត្រួសៗដែលយើងលើកឡើងតែប៉ុណ្ណោះ សូមកុំភ្លេចរង់ចាំអត្ថបទក្រោយៗណា ពួកយើងនឹងមានអត្ថបទទាក់ទងនឹងគម្រោងចូលនិវត្តន៍ច្រើនទៀតមកចែករំលែក!
ចុចទីនេះ: របៀបរៀបចំផែនការចូលនិវត្តន៍