លោក ម៉ាក ស្ស៊ូកាប៊ឺក (Mark Zuckerberg) ដែលជាស្ថាបនិកក្រុមហ៊ុន ហ្វេស ប៊ុក បានបង្កើតនូវកម្មវិធីថ្មីដែលមានឈ្មោះថា “Threads” ដើម្បីប្រកួតប្រជែងជាមួយ ទ្វីតធឺ(Twitter) របស់លោកអេឡុន ម៉ាស(Elon Musk)។
ត្រឹមតែ២ថ្ងៃក្រោយការដាក់ឱ្យប្រើប្រាស់ជាផ្លូវការប៉ុណ្ណោះ មានអ្នកចុះឈ្មោះប្រើប្រាស់រហូតទៅដល់៧០លាននាក់។ ចំនួនអ្នកប្រើប្រាស់កើនឡើងលឿនបែបនេះ ប្រហែលមកពីវាអាចភ្ជាប់ទៅជាមួយគណនី Instagram ដែលមានស្រាប់។ “Threads” ត្រូវបានដាក់ឱ្យប្រើប្រាស់ក្នុងប្រទេសចំនួន១០០ ដែលក្នុងនោះក៏មានកម្ពុជាផងដែរ។
ខណៈពេលដែលទីផ្សារអនឡាញកំពុងមានសន្ទុះខ្លាំង “Threads” ក៏ប្រហែលអាចក្លាយជា ទីផ្សារអនឡាញដូច Facebook ដែលអ្នករកស៊ីតាមប្រព័ន្ធអនឡាញគួរតែគិតពិចារណា។ បច្ចុប្បន្ននេះ មុខងារមួយចំនួនដូចជា ការឡាយ ការបង្កើតផេក និងការដាក់ឱ្យមានការផ្សាយពាណិជ្ជកម្ម មិនទាន់មាននៅលើកម្មវិធីនោះទេ។ ប៉ុន្តែ បើតាមប្រសាសន៍របស់លោក Mark Zuckerberg ការដាក់ឱ្យមានការផ្សាយពាណិជ្ជកម្ម គឺស្ថិតក្នុងការគិតពិចារណា នៅពេលដែលអ្នកប្រើប្រាស់កើនឡើងដល់១ប៊ីលាននាក់សិន។ ទោះជាយ៉ាងណា គេឃើញមានតារាជាច្រើនចូលប្រើប្រាស់កម្មវិធីនេះ ដែលធ្វើឱ្យអ្នកគាំទ្ររបស់ពួកគេនឹងចូលមកប្រើប្រាស់ដូចគ្នា។
តទៅមុខទៀត តើThreads ពិតជាអាចក្លាយជាទីផ្សារអនឡាញថ្មីដែរឬទេ?