ដំណើរការអាជីវកម្មអាចប្រព្រឹត្តទៅបាន លុះត្រាតែម្ចាស់អាជីវកម្មមានដើមទុន មិនថាតិចឬច្រើន អាស្រ័យលើទំហំនៃអាជីវកម្ម។
ដើមទុនអាចមានច្រើនប្រភេទ ដែលម្ចាស់អាជីវកម្មអាចពិចារណាទៅបានដោយរួមមាន ប្រាក់សន្សំអ្នកផ្ទាល់ ប្រាក់គៀងគរពីគ្រួសារ ឬប្រាក់ដាក់ហ៊ុនពីមិត្តភក្តិ ប្រាក់ពីអ្នកមូលធននិយម(Venture Capital) ឬកម្ចីធនាគារជាដើម។
ដោយថ្ងៃនេះ យើងនឹងមកពិភាក្សាទាំងអស់គ្នាថា ពេលចេញរកស៊ីដំបូង តើគួរខ្ចីលុយធនាគារមកធ្វើជាដើមទុនឬទេ?
បើផ្អែកតាមមតិជាច្រើនបានលើកឡើងថា ប្រសិនបើអាជីវកម្មរបស់អ្នក ជាប្រភេទអាជីវកម្មទើបតែដំណើរការ (Start-up Business) អ្នកពុំគួរខ្ចីធនាគារមកធ្វើដើមទុនសោះឡើយ ព្រោះថា៖
១. បទពិសោធន៍អ្នកនៅមានកម្រិត
ប្រសិនបើអ្នកធ្លាប់មានបទពិសោធន៍រកស៊ីពីមុនៗ ឬមានគ្រួសារជាម្ចាស់អាជីវកម្មស្រាប់ អ្នកអាចជាមានបទពិសោធន៍ច្រើន ប៉ុន្តែបើអ្នកជាម្ចាស់អាជីវកម្មថ្មីថ្មោង អ្នកជាបុគ្គលដែលមានហានិភ័យខ្ពស់ដើម្បីធ្វើអាជីវកម្ម។ បទពិសោធន៍គួរហោចណាស់ ក៏មានច្រើនជាងមួយឆ្នាំ ជាពិសេសដើម្បីយល់ដឹងបានច្បាស់អាជីវកម្មរបស់អ្នកដែលចង់ដំណើរការនេះ។
២. ការគ្រប់គ្រងនៅមានកម្រិត
ប្រសិនបើអ្នកជាម្ចាស់អាជីវកម្មថ្មីថ្មោង អ្នកត្រូវការពេលវេលាច្រើនដើម្បីរៀនពីរបៀបគ្រប់គ្រងបុគ្គលិក លុយកាក់ គ្រប់គ្រប់អាជីវកម្ម ក៏ដូចជាឱកាសទីផ្សារអាជីវកម្មរបស់អ្នក។ វាមិនមែនជារឿងងាយដូចដែលអ្នកឃើញបុគ្គលជោគជ័យ គេតែងតែនិយាយនោះទេ។
៣. ខ្វះទំនុកចិត្តពីអតិថិជន (ម៉ូយ)
ដើម្បីកសាងទំនុកចិត្ត បង្កើនអតិថិជន(ម៉ូយ) អ្នកត្រូវការពេលវេលាច្រើន ជាពិសេសប្រសិនបើប្រភេទផលិតផលនៃអាជីវកម្មរបស់អ្នក មិនសូវមានគេស្គាល់ ឬដឹងលឺពីមុន។ ដូចនេះ អ្នកត្រូវប្រឈមមុខនឹងហានិភ័យខ្ពស់ពីការខ្វះអតិថិជន ស្របពេលដែលត្រូវការចរន្តសាច់ប្រាក់ចេញចូលជាប្រចាំ ដើម្បីមានថវិការគ្រប់គ្រាន់ទៅផ្គត់ផ្គង់ដល់បុគ្គលិក ថ្លៃអគារ ក៏ដូចជាបង់ការប្រាក់ជាប្រចាំខែដល់ធនាគារ។
៤. អត្រាការប្រាក់
តាមពិតទៅ វាអាស្រ័យលើអ្នកដែលចង់យកកម្ចីថា តើអ្នកត្រូវការខ្ចីធនាគារក្នុងរយៈពេលខ្លី ឬក្នុងរយៈពេលវែងមួយ។ ប្រសិនបើអាជីវកម្មអ្នកត្រូវការពេលវេលាច្រើនដើម្បីកសាង ជាមួយដើមទុនច្រើនផងនោះ កម្ចីធនាគាររយៈពេលវែងអាចនឹងធ្វើឱ្យខាតបង់ការប្រាក់ច្រើន ហើយប្រសិនបើអាជីវកម្មរបស់អ្នកមិនមានស្ថេរភាពហិញ្ញវត្ថុនោះ វាអាចប៉ះពាល់ខ្លាំងដល់អាជីវកម្មរបស់អ្នកទាំងមូល។ យ៉ាងណាមិញ សម្រាប់គ្រឹះស្ថានធនាគារក្នុងប្រទេសកម្ពុជាមួយចំនួន កម្ចីសម្រាប់អាជីវកម្មអាចនឹងទាមទារឱ្យអាជីវកម្មនោះ មានដំណើរការយ៉ាងហោចណាស់ក៏ ១២ខែ សិនដែរ។
អញ្ចឹង! ចំណុចទាំងបួនខាងលើនេះ ប្រសិនបើមានចំណុចណាមួយអ្នកនៅពុំទាន់អាចសម្រេចបាននោះ អ្នកពុំគួរទទួលយកកម្ចីធនាគារមកដំណើរការអាជីវកម្មថ្មីថ្មោងរបស់អ្នកនោះឡើយ ព្រោះហានិភ័យអ្នកនៅមានខ្ពស់ ឬប្រសិនបើអាជីវកម្មរបស់អ្នកមិនដំណើរការសមប្រកបនោះ អ្នកអាចនឹងមានបំណុលធនាគារវ័ណ្ឌកមិនខាន។ ជំនួសឱ្យកម្ចីធនាគារ អ្នកគួរសម្រេចចិត្តគៀគរប្រាក់ដើមទុនពីប្រភពផ្សេងវិញដូចជាគ្រួសារ មិត្តភក្តិ ការចូលហ៊ុន ឬពីអ្នកវិនិយោគសិនក៏បាន៕