ការរកស៊ី មានខាត មានចំណេញជារឿងធម្មតា គ្រាន់តែថាបានចំណេញច្រើនវាអាស្រ័យទៅប្រភេទនៃអាជីវកម្មដែរ។ ចំពោះការរកស៊ីចូលហ៊ុនគ្នា និងការរកស៊ីម្នាក់ឯង ផលចំណេញដែលទទួលបានមានក្ខណៈខុសគ្នា ហើយការខាតបង់ក៏ខុសគ្នា។ ប៉ុន្តែក្រៅពីរឿងខាត និងចំណេញហើយ តើមានមេរៀនអ្វីទៀតដែលយើងគួរដឹងពីការរកស៊ីទាំងពីរបែប?
រកស៊ីចូលហ៊ុន
1 ត្រូវច្បាស់លាស់រឿងបែងចែកប្រាក់ចំណេញ
ចំពោះការរកស៊ីចូលហ៊ុនមានដៃគូ ទំនួលខុសត្រូវមានការបែងចែក ផលចំណេញដែលទទួលបានក៏ត្រូវបែងចែកទៅតាមកិច្ចព្រមព្រៀងបានចែងទុក។ មានដៃគូសហការក្នុងអាជីវកម្មជាច្រើនដែលមានបញ្ហាទាក់ទងនឹងចំណូលរកបានដោយហេតុផលចែកមិនស្មើគ្នា។ ដូច្នេះ កិច្ចសន្យាដែលបានព្រមព្រៀងជាមួយគ្នាត្រូវពិនិត្យឲ្យបានច្បាស់លាស់ ហើយសមស្របទៅតាមភាគីសងខាងចង់បានដែរឬទេ។
2 កំណត់គោលបំណង និងចក្ខុវិស័យរួម
អ្នកប្រកបអាជីវកម្មលើសពីម្នាក់អាចគំនិតផ្ទុយគ្នា តែគប្បីមានចំណុចកណ្ដាល កំណត់គោលបំណង ឬទិសដៅរួមថា ចង់ដំណើរការអាជីវកម្ម ធ្វើយ៉ាងណាទទួលបានជោគជ័យ។ ការកំណត់គោលបំណង និងចក្ខុវិស័យរួមនេះជាការចាប់ផ្តើមសំខាន់ ព្រោះអាចចៀសវាងមានជម្លោះក្នុងកំឡុងពេលអាជីវកម្មកំពុងដំណើរការថ្ងៃក្រោយ។
3 ត្រូវប្រកាន់ភ្ជាប់សុចរិតភាព
ភាពស្មោះត្រង់ជាលក្ខណៈសំខាន់ប្រៀបដូចជាទំនុកចិត្ត ជួយអាជីវកម្មទទួលបានជោគជ័យ និងមាននិរន្តភាពយូរអង្វែងបាន។ សុចរិតភាពមិនមែនមានតែចំពោះដៃគូសហការរកស៊ីទេ ចំពោះអតិថិជនក៏ដូចគ្នា មិនគួរកេងចំណេញលើអតិថិជន ចង់បានចំណេញច្រើនក្នុងរយៈពេលខ្លីណាមួយ ចុងក្រោយនឹងបាត់បង់អតិថិជន លែងមានអ្នកគាំទ្រតទៅទៀត។
រកស៊ីម្នាក់ឯង
1 អាចបានប្រាក់ចំណេញតែម្នាក់ឯង តែបើខាតក៏ម្នាក់ឯង
បើកអាជីវកម្មរកស៊ីម្នាក់ឯង រឿងលុយកាក់ មិនថាដើមទុន ឬប្រាក់ចំណេញត្រូវរៀបចំ និងគ្រប់គ្រងគឺជាបន្ទុករបស់យើងតែម្នាក់ឯង។ យើងត្រូវរ៉ាប់រងផ្គត់ផ្គង់ដើមទុនការរកស៊ីតែម្នាក់ឯង ហើយបើអាជីវកម្មមិនរលូនដូចការំពឹងទុក យើងអាចប្រឈមនឹងការខាតបង់ខ្លាំង តែបើដំណើរការល្អ ប្រាក់ចំណេញដែលទទួលមិនមានការបែងចែកជា២ ឬ៣ចំណែកឡើយ។
2 មានទំនួលខុសត្រូវច្រើន
ចេញរកស៊ីម្នាក់ឯងត្រូវរ៉ាប់រងច្រើន រាប់តាំងពីចាប់ដំណើរការអាជីវកម្ម រៀបចំផែនការហិរញ្ញវត្ថុ គ្រប់គ្រងទំនិញ គ្រប់គ្រងបុគ្គលិក ត្រួតពិនិត្យផលិតផលឬសេវាកម្ម និងចាត់ចែងការងារជាច្រើនទៀត។ ទោះជាមានបុគ្គលក្រោមឪវាទក៏យើងត្រូវត្រួតពិនិត្យពីលើ ដើម្បីធានាថាការងារទាំងអស់ប្រព្រឹត្តទៅតាមផែនការដែលបានព្រៀងទុក។
3 ឯករាជ្យ ម៉ឹងម៉ាត់ ច្បាស់លាស់
ទំនួលខុសត្រូវច្រើន ការសម្រេចចិត្តក៏ច្រើន ហើយត្រូវម៉ឺងម៉ាត់ច្បាស់លាស់ និងមានឯករាជ្យភាពទៀត។ មុនសម្រេចលើរឿងអ្វីមួយត្រូវមានការពិចារណា ត្រួតពិនិត្យឲ្យបានល្អិតល្អន់ ព្រោះបើមិនបានប្រមើលមើល ឬសិក្សាឲ្យបានច្បាស់នោះការសម្រេចចិត្តអាចជះផលប៉ះពាល់ដល់អាជីវកម្ម។ ម្យ៉ាង ភាពម៉ឺងម៉ាត់ច្បាស់ការ នឹងជួយឲ្យយើងដឹងពីគោលបំណងដែលខ្លួនចង់បានដើម្បីឲ្យការរកស៊ីដំណើរការកាន់តែរលូន។
ខាងលើនេះគឺជាមេរៀនមួយចំនួនដែលអ្នកមានគម្រោងចង់ចេញរកស៊ីអាចយកទៅពិចារណាបាន ដើម្បីយល់ដឹងបន្ថែមពីអត្ថប្រយោជន៍ ក៏ដូចជាហានិភ័យ ដែលអាចកើតមាន និងរិះរកដំណោះស្រាយឱ្យបានទាន់ពេល។
© 2022 – 2023 KAKCENT | រក្សាសិទ្ធិដោយកាក់សេន
សូមទាក់ទងមកពួកយើង ប្រសិនបើអ្នកចង់យកមាតិកាយើងទៅប្រើប្រាស់បន្ត។