បើអាជីវកម្មមួយស្តុកទំនិញទុកច្រើនលើសពេក គេអាចប្រឈមនឹងការខាតបង់មួយចំនួនដូចខាងក្រោម។
១ ស្ទះលុយ ស្ទះស្តុក ពិបាកនាំទំនិញថ្មីចូល
ក្នុងដំណើរការអាជីវកម្ម ត្រូវមានការចំណាយច្រើនដែលត្រូវគិតគូរ មិនថាជាប្រចាំថ្ងៃ ឬប្រចាំខែ ដែលមានថ្លៃទំនិញដែលជាចំណាយគោល និងចំណាយបន្ទាប់បន្សំផ្សេងទៀតដូចជា ថ្លៃទឹកភ្លើង អ៊ីនធឺណិត និងប្រាក់ខែបុគ្គលិក។ល។ ក្នុងករណីដែលទំនិញសល់ក្នុងស្តុកច្រើន ដោយសារលក់មិនចេញធ្វើឲ្យមានបញ្ហាដល់លំហូរប្រាក់។ អាជីវករកប់លុយក្នុងទំនិញដែលនៅសល់ ខ្វះលុយយកមកបង្វិលទុន មិនអាចទិញទំនិញថ្មីចូលបាន។
២ ទំនិញក្នុងស្តុកលែងជាតម្រូវការ
បើអាជីវកម្មមួយត្រូវការស្តុកទំនិញច្រើន ហើយលក់មិនទាន់ធ្វើឲ្យទំនិញនៅសល់ក្នុងស្តុកយូរ អាចប្រឈមនឹងបញ្ហាទំនិញហួសអាយុកាលប្រើប្រាស់ ឬទំនិញហួសសម័យ។ មិនតែប៉ុណ្ណោះ ចំណង់ចំណូលចិត្តរបស់អតិថិនជនមានផ្លាស់ប្ដូរជានិច្ច ទំនិញដែលពេញនិយមនៅថ្ងៃនេះ អាចនឹងហួសសម័យ ឬអស់ប្រជាប្រិយភាពនៅថ្ងៃស្អែក។ ចំពោះទំនិញមួយមានអាយុកាលប្រើប្រាស់ បើស្តុកទុកក្នុងមានបរិមាណច្រើនក្នុងរយៈពេលយូរ អាចប៉ះពាល់ដល់គុណភាពទំនិញ។ ម្ចាស់អាជីវកម្មអាចនឹងខាតបង់ប្រាក់ដើមដែលបានចំណាយលើទំនិញទាំងនោះ។
៣ ហានិភ័យក្នុងការខូចខាត
នៅពេលទំនិញមានការស្តុកទុកច្រើន និងរយៈពេលយូរ ទំនិញទាំងនោះអាចនឹងហួសអាយុកាលប្រើប្រាស់ ឬខូចខាតដោយសត្វល្អិត ឬគ្រោះធម្មជាតិផ្សេងៗ។ ដូច្នេះ ម្ចាស់អាជីវកម្មនឹងត្រូវលក់បញ្ចុះតម្លៃ កាត់បន្ថយការខាត់បង់ច្រើន ហើយរំពឹងថាយ៉ាងហោចណាស់អាចស្រង់ដើមមកវិញ។ ទំនិញដែលមានការខូចខាតមិនអាចប្រើប្រាស់នឹងក្លាយទៅជាទំនិញបាត់បង់ឬគ្មានតម្តៃ(Undervalued items)ធ្វើឲ្យបាត់បង់ចំណូល និងបង្កើនចំណាយដល់អាជីវកម្ម។
Click here to more about: គ្រប់គ្រង់ហានិភ័យសម្រាប់អាជីវកម្ម
៤ ខាតបង់លើថ្លៃដឹកជញ្ជូន
ពេលនាំចូលទំនិញទាំងនោះ អាជីវករត្រូវចំណាយលើថ្លៃដឹកជញ្ជូន។ បើទំនិញនាំចូលហើយ តែមិនអាចលក់ចេញ នោះអាជីវករមិនអាចស្រង់ដើមលើថ្លៃដឹកជញ្ជូនមកវិញបានទេ។ ម្យា៉ង ក្នុងអំឡុងពេលនាំទំនិញចូលអាចមានការប៉ះទង្គិច ឬបាត់បង់ទំនិញដោយការលួច ឬភាពធ្វេសប្រហែសរបស់អ្នកដឹកជញ្ជូនដែលធ្វើឲ្យខូចខាតគុណភាពទំនិញ។
អាជីវករចាំបាច់ត្រូវគិតគូរឱ្យបានម៉ត់ចត់ដោយសារបញ្ហាខាងលើនេះមានផលប៉ះពាល់ត្រលប់មកវិញច្រើន ការខាតបង់ និងការចំណាយផ្សេងៗច្រើន។ ដើម្បីចៀសវាងការជួបបញ្ហាទាំងនេះ ម្ចាស់អាជីវកម្មគួរត្រៀមដំណោះស្រាយ ឬរៀបគោលការណ៍នាំចូលទំនិញ ដូចជាការត្រួតពិនិត្យមើលស្តុកជាប្រចាំ កាត់បន្ថយស្តុក និងការលក់លាងឃ្លាំងចំពោះទំនិញដែលបានស្តុកទុកយូរ៕
© 2022 - 2023 KAKCENT | រក្សាសិទ្ធិដោយកាក់សេន
សូមទាក់ទងមកពួកយើង ប្រសិនបើអ្នកចង់យកមាតិកាយើងទៅប្រើប្រាស់បន្ត។