ម្ចាស់អាជីវកម្មគួរតែបានត្រៀមខ្លួនទុកជាមុន និងសិក្សាស្វែងយល់ ឱ្យបានច្រើនពីប្រភេទអាជីវកម្មនោះ មុនចេញរកសុីលក់ដូរ ដើម្បីចៀសវាងផលវិបាកមួយចំនួនធំ ដែលអាចកើតឡើង។
ខាងក្រោមនេះជាចំណុចសំខាន់ៗមួយចំនួន ដែលអ្នក គួរតែគិតគូរត្រៀមទុកជាមុន។
• ផែនការ
ផែនការអាជីវកម្មគឺគម្រោងច្បាស់លាស់មួយដោយរួមមានធាតុគោលមួយចំនួនដូចជា៖
- មុខជំនួញដែលចង់បើក
- ទីតាំងនិងទំហំអាជីវកម្ម
- ហាងឆេងតម្លៃនិងគុណភាពផលិតផល
- ផែនការហិរញ្ញវត្ថុអាជីវកម្ម
- ផែនការគ្រប់គ្រងហានិភ័យ ។ល។
ជាមួយគ្នានេះអ្នកក៏ត្រូវអនុវត្តទៅតាមផែនការនិងឧស្សាហ៍តាមដានឱ្យបានខ្ជាប់ខ្ជួន ព្រមទាំងព្យាយាមរកវិធីឬដំណោះស្រាយ ដើម្បីធ្វើឲ្យអាជីវកម្មកាន់តែប្រសើរជាងមុន។
*ចំណាំ: ផែនការអាជីវកម្មអាចមានលក្ខណៈលម្អិតជាងនេះ អាស្រ័យទៅតាមតម្រូវការប្រើប្រាស់។
• យុទ្ធសាស្រ្ត
មុននឹងក្លាយជាម្ចាស់អាជីវកម្ម អ្នកគួរសិក្សាពីយុទ្ធសាស្រ្តជាមុន ដើម្បីយល់ដឹង ពីរបៀបធ្វើទីផ្សារ របៀបលក់ចេញ និងវិធីផ្សព្វផ្សាយផលិតផល របស់ខ្លួនទៅដល់អតិថិជន គោលដៅរបស់អ្នក។ ធ្វើយ៉ាងណាឲ្យមានភាពលេចធ្លោ និងទាក់ទាញ ពេលនោះអាជីវកម្មរបស់អ្នក នឹងរីកចម្រើនទៅមុខ។
Click here to read more about: The 4 Ps of Marketing
• ចំណេះជំនាញ
ចាប់អាជីពឲ្យច្បាស់ រៀនឲ្យឆ្អិន និងតាមទារឲ្យមាន ចំណេះដឹងទាក់ទងនឹងមុខរបរមួយនោះ។
ឧទាហរណ៍៖ អ្នកចង់បើកអាជីវកម្មហាងកាហ្វេ អ្នកត្រូវសិក្សាពីប្រភេទកាហ្វេ និងរបៀបឆុងឱ្យបានស្ទាត់ នោះជាការប្រសើរ។
• ដើមទុន
ចេញរកសុីថ្មីថ្មោង ត្រូវមានលុយបោះជាទុនហើយ មិនថាតិចឬច្រើនអាស្រ័យលើទំហំនៃអាជីវកម្ម។ ប៉ុន្តែមានដើមទុនត្រឹមបើកអាជីវកម្មបានមិនទាន់គ្រប់គ្រាន់ទេ ព្រោះអ្នកក៏គួរមានត្រៀមទុនមួយចំនួនទៀតដែរ ទុកក្នុងករណីមុខរបរជួបបញ្ហាណាមួយជាយថាហេតុ។ ហេតុនេះ អ្នកត្រូវគិតគូរឱ្យបានម៉ត់ចត់អំពីទំហំដើមទុន និងផែនការដែលអ្នកនឹងប្រើប្រាស់វា។ ប្រភពដើមទុនអាចបានមកពីការបណ្ដាក់ទុនពីសមាជិកគ្រួសារ លុយសន្សំខ្លួនឯង ឬកម្ចីនានា។ តួយ៉ាងម្ចាស់អាជីវកម្ម ត្រូវរៀបចំគម្រោងសាច់ប្រាក់ចំណូលចំណាយ និងត្រូវរៀនគ្រប់គ្រងហិរញ្ញវត្ថុអាជីវកម្មឲ្យបានល្អិតល្អន់ផង។
• ការតស៊ូ “Patience is key.”
ការព្យាយាមអត់ធ្មត់គង់សម្រេចបានគោលដៅ។ សូមកុំបោះបង់ចោលពាក់កណ្ដាលផ្លូវនូវក្ដីស្រមៃរបស់អ្នក។ ផ្ទុយទៅវិញ ការបន្តប្ដេជ្ញាខិតខំប្រឹងប្រែងតស៊ូរបស់អ្នកនឹងផ្ដល់មកវិញនូវផ្លែផ្កានៅថ្ងៃណាមួយជាក់ជាមិនខាន។
សូមសិក្សាស្រាវជ្រាវលម្អិតបន្ថែមទៀតទៅលើចំណុចនីមួយៗ ឬអាចពិភាក្សាយោបល់ជាមួយអ្នកជំនាញមានបទពិសោធន៍ដែលអាចណែនាំអ្នក មុនពេលចាប់ផ្ដើមអាជីវកម្ម៕
ចុចទីនេះដើម្បីស្វែងយល់បន្ថែមពី: ចេញរកស៊ីដំបូងទាំងបាតដៃទទេ គួរត្រៀមចិត្តត្រៀមកាយដូចម្ដេចខ្លះ ?